ព័ត៌មានអន្តរជាតិ  ៖  សំណង់អាគារសណ្ឋាគារ កំពស់ ២ ជាន់ បានបាក់រលំកាលពីព្រឹកមិញនេះ នៅក្រុង   Secunderabad  ប្រទេសឥណ្ឌា  ដែលជាហេតុធ្វើអោយបុគ្គលិកបំរើការភោជនីយដ្ឋាន ៥ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១៥ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

width=445

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ ប្រចាំក្រុងមួយនេះ លោក B. Surenderអោយដឹងថា មានមនុស្សជិត  ២៥ នាក់  បានបម្រើការនៅក្នុងសណ្ឋាគារមួយនេះ ។ ដោយឡែក បើនិយាយពីជនរងគ្រោះវិញ  ក្នុងនោះ  ៥ នាក់ទទួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ដោយឡែក យុទ្ធនាការជួយសង្គ្រោះ ក្នុងការរុករក មនុស្សក្រោមគំនរថ្ម ត្រូវបានធ្វើឡើងជាបន្ទាន់ ដើម្បីធានាអោយបានថាចំនួនអ្នកស្លាប់បាត់បង់ជីវិត និងមិនកើនខ្ពស់ជាងនេះ តាមតែអាចធ្វើទៅតាម។ គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តី អ្នកធ្វើការក្បែរសណ្ឋាគារនោះអោយដឹងថា សំណង់អាគារមួយនេះ   គឺមានលក្ខណៈចាស់ណាស់ទៅហើយ  ខណៈស្នាមប្រេះ គេឃើញមានដោយកន្លែង៕

ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន