ម្នាស់គឺផ្លែឈើមួយប្រភេទ ដែលផ្ទុកគុណសម្បត្ដិច្រើនសម្រាប់សុខភាព។ វាមានប្រយោជន៍បំបាត់ការស្រេកឃ្លាន បណ្ដេញជាតិពុលពីរាងកាយ និងជួយព្យាបាលការទល់លាមក។
ទឹកផ្លែម្នាស់ ដើរតួនាទីជាថ្នាំបញ្ចុះលាមក ដែលអាចប្រើជំនួសផលិតផល ដែលអាចបណ្តាលអោយឈឺពោះ រាគ និងឡើងជាតិអាស៊ីដ។ ដើម្បីកង្កើនការបន្ទោរបង់លាមកឱ្យបានញឹកញាប់ អ្នកជំនាញណែនាំឱ្យយើងផ្លាស់ប្តូររបបអាហាររបស់យើង បញ្ឈប់ទម្លាប់រស់នៅមិនល្អ និងញ៉ាំទឹកឱ្យបានយ៉ាងតិចពីរលីត្រ ក្នុងមួយថ្ងៃ។
ផ្លែឈើនេះ មានផ្ទុកសារធាតុ bromelain ជាសមាសធាតុម្យ៉ាង ដែលជួយបង្កើនការរំលាយអាហារ និងបង្កើនចលនាពោះវៀន។ អ្នកអាចព្យាយាមញ៉ាំទឹកផ្លែឈើនេះ ឱ្យបាន ៨ កែវក្នុងមួយថ្ងៃ ប្រសិនបើអ្នកមានអាការទល់លាមកធ្ងន់ធ្ងរ។ ប៉ុន្ដែប្រសិនបើអាការទល់លាមកស្រាលទេ ការញ៉ាំត្រឹមតែមួយកែវ ក៏គ្រប់គ្រាន់ហើយ ដើម្បីដោះស្រាយបញ្ហានេះ។
សូមអនុវត្ដរូបមន្ដធ្វើទឹកម្នាស់ដូចខាងក្រោមនេះ៖
គ្រឿងផ្សំ
- ទឹកត្រជាក់ ១ ពែង(ចំណុះ ២៥០ មល)
- ក្រូចឆ្មារមួយផ្លែ
- សាច់ម្នាស់ពីរដុំ
- គ្រាប់ល្ងមួយស្លាបព្រាបាយ(១០ក្រ)
របៀបធ្វើ
- ដំបូង ត្រូវលីងគ្រាប់ល្ង ដោយបើកភ្លើងតិចៗ ដើម្បីកុំឱ្យវាខ្លោច ហើយដាក់វាទៅម្ខាងដើម្បីឱ្យត្រជាក់។
- ចាក់ទឹក ដាក់ក្រូចឆ្មារទាំងសម្បក សាច់ម្នាស់ និងគ្រាប់ល្ងចូលទៅក្នុងម៉ាស៊ីនក្រឡុក។
- កិនគ្រឿងផ្សំទាំងនេះបញ្ចូលគ្នា រហូតដល់វាម៉ត់ល្អ ហើយទទួលទានវាតាមសប្បាយ ៕
- ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth