បុរសម្នាក់នៅប្រទេសថៃ បានរៀបការជាមួយពស់វែកមួយក្បាលដែលមានប្រវែងជាង ៣ម៉ែត្រ ព្រោះជឿថា នេះគឺជាសង្សារកាលពីអតីតជាតិរបស់ខ្លួនមកចាប់កំណើត។
បុរសម្នាក់ដែលមិនត្រូវបានគេស្គាល់ឈ្មោះ បានធ្លាក់ទឹកចិត្តខ្លាំងនៅពេលមិត្តស្រីរបស់ខ្លួនបានស្លាប់កាលពី៥ឆ្នាំមុន។ ប៉ុន្តែ ស្ថានភាពផ្លូវចិត្តរបស់បុរសនេះ បានល្អប្រសើរជាងមុនបន្ទាប់ពីបានជួបពស់វែកមួយក្បាលដែលបុរសនេះយល់ថា វាគឺជាមិត្តស្រីរបស់ខ្លួនមកចាប់កំណើត។

ជាអ្នកកាន់ព្រះពុទ្ធសាសនា បុរសនេះមានការជឿជាក់ទៅលើរឿងជាតិមុខជាតិក្រោយ ហើយយល់ថា វាមិនមានអ្វីចម្លែកនោះទេដែលអតីតមិត្តស្រីរបស់ខ្លួនបានចាប់កំណើតជាពស់វែក។ ពេលនេះ បុរសនេះបានសម្រេចចិត្តរៀបការ និងរស់នៅជាមួយពស់វែកដែលមានប្រវែងជាង ៣ម៉ែត្រនេះ។
បច្ចុប្បន្ន បុរសនេះតែងតែយក “ប្រពន្ធ” របស់ខ្លួនទៅជាមួយ នៅពេលដើរលេង មើលទូរទស្សន៍ ហូបអាហារពេលល្ងាច។ល។ បុរសនេះ ហាក់ដូចមិនដែលចាកឆ្ងាយពី “ប្រពន្ធ” របស់ខ្លួន។

Worranan Sarasalin រស់នៅក្នុងខែត្រ Kanchanaburi ប្រទេសថៃ ជាអ្នកដែលបានថតរូប និងចែករំលែកព័ត៌មានស្ដីអំពីគូស្នេហ៍មនុស្ស និងពស់វែកនេះ បានឱ្យដឹងថា បើទោះបុរសនេះស្រឡាញ់ពស់វែកនេះក៏ពិតមែន ប៉ុន្តែ អ្នករាល់គ្នាមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់បុរសនេះ។

Sarasalin និយាយថា “គាត់ពិតជាមានសុភមង្គលពេលនៅក្បែរពស់ ព្រោះជឿថា នេះគឺជាមិត្តស្រីដែលបានស្លាប់ មកចាប់កំណើត។ ប៉ុន្តែ សត្វគឺនៅតែជាសត្វ ហើយវាអាចបង្កគ្រោះថ្នាក់ដល់មនុស្សជានិច្ច”។




Sarasalin បន្ថែមថា “អ្នករាល់គ្នាបានព្រមានគាត់អំពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារពស់វែកនេះ ប៉ុន្តែ គាត់មិនស្ដាប់ និងនៅតែចាត់ទុកពស់វែកនេះជាប្រពន្ធរបស់ខ្លួន”៕
ប្រែសម្រួល ៖ តារាប្រភព ៖ Mirror