ពិធីបុណ្យដង្ហែសុនកបួងសួងសុំទឹកភ្លៀងគឺជាទំនៀមទម្លាប់មួយដែលត្រូវបានគេធ្វើឡើងក្នុងខែទី៧នៃចន្ទគតិ របស់ជនជាតិមៀវ (Miao) ដែលរស់នៅក្នុងខែត្រគួយចូវ (Guizhou) ប្រទេសចិន។

/

ទំព័រ QQ ឱ្យដឹងថា កាលពីថ្ងៃទី ១៤សីហា ពិធីបុណ្យដង្ហែសុនក (ឆ្កែ) ត្រូវបានធ្វើឡើងនៅក្នុងខែត្រគួយចូវ ប្រទេសចិន ដែលមានជនជាតិភាគតិចជាច្រើនរយនាក់ចូលរួម។

/

ក្នុងពិធីបុណ្យនេះ ពួកអ្នករៀបចំកម្មវិធី បានស្លៀកពាក់ខោអាវឱ្យសុនក ហើយដាក់វានៅលើគ្រែស្នែងដង្ហែជុំវិញភូមិ ដើម្បីបួងសួងសុំទឹកភ្លៀង និងសុំឱ្យធ្វើស្រែ ធ្វើចំការបានផលល្អ។

/

ពិធីបុណ្យតែងតែត្រូវបានធ្វើឡើងក្នុងខែទី៧នៃចន្ទគតិ ជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ គេធ្វើបុណ្យក្នុងថ្ងៃទី ១២ខែទី ៧នៃចន្ទគតិ ពោលគឺថ្ងៃទី ១៤សីហា។

/

បុណ្យដង្ហែសុនកនេះគឺជាទំនៀមទម្លាប់របស់ជនជាតិមៀវ (Miao) ដើម្បីសំដែងការដឹងគុណចំពោះសុនក ដោយសារវាបានជួយឱ្យពួកគេរកឃើញប្រភពទឹក។ សុនកនឹងត្រូវបានគេដង្ហែមួយជុំ ជុំវិញភូមិ។

/

ជនជាតិមៀវ នៅខែត្រ គួយចូវ ភាគច្រើនគឺធ្វើស្រែចំការ រស់នៅតំបន់ភ្នំ ជាកន្លែងដែលមិនសូវសម្បូរទឹក។ នៅទីនេះ ក្នុងខែទី ៥ ទី ៦ នៃចន្ទគតិ គឺជាខែដែលក្ដៅ និងខ្វះទឹកបំផុតក្នុងឆ្នាំ។

បើតាមរឿងព្រេងចិន ទេវតារក្សាស្រែចំការ ដែលរស់នៅកាលពី ៥.០០០ឆ្នាំមុន គឺជាអ្នកដែលបានបង្រៀនមនុស្សឱ្យចេះធ្វើសែ្រចំការ។

/

បន្ទាប់ពីទេវតារក្សាស្រែចំការ បានទទួលមរណភាព មេឃក៏រាំងស្ងួត ស្រែចំការក៏ធ្វើលែងបានផល មនុស្សធ្លាក់ទៅក្នុងសភាពអត់ឃ្លាន។ ជនជាតិមៀវ ក៏បានពឹងសុនករបស់ទេវតារក្សាស្រែចំការ ដើម្បីស្វែងរកទេវតានេះ ក្នុងបំណងសុំទឹកភ្លៀវ។ ប៉ុន្តែ ដោយសារតែសត្វសុនកនេះចាស់ពេក ដើរមិនបានឆ្ងាយ ដូច្នេះ ប្រជាជនក៏នាំគ្នាយកដើមឬស្សី ធ្វើជាគ្រែស្នែង សែងសុនកនេះ ទៅគ្រប់កន្លែង ដើម្បីស្វែងរកទេវតារក្សាស្រែចំការ។

/

សុនកដែលអង្គុយនៅលើគ្រែស្នែង ក៏ស្រាប់តែ “ស្រែក” ឡើង ផ្ដល់សញ្ញាថា បានរកឃើញទេវតា។ ពេលនេះ ប្រជាជន នាំគ្នាក្រាបចុះថ្វាយបង្គំ សុំទឹកភ្លៀង។ មួយសន្ទុះក្រោយមក ភ្លៀងក៏ធ្លាក់ មនុស្ស សត្វ និងរក្ខជាតិទាំងឡាយ ក៏ត្រូវបានជួយសង្គ្រោះ។ ចាប់តាំងពីពេលនោះមក ការដង្ហែសុនកសុំទឹកភ្លៀងក៏បានក្លាយជាទំនៀបទម្លាប់របស់ជនជាតិមៀវ។

ប្រែសម្រួល ៖ តារា