បើទោះជាមានចំនួនច្រើនលើសលុប ប៉ុន្តែសព្វាវុធរបស់កូរ៉េខាងជើង មានសភាពមិនទាន់សម័យ បើប្រៀបធៀបនឹងសព្វាវុធរបស់កូរ៉េខាងត្បូង។ ដូច្នេះ ក្រុងព្យុងយ៉ាង ក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអែរ ដើម្បីលុបបំបាត់គម្លាតបច្ចេកវិទ្យានេះ។

/

ខាងក្រោមនេះគឺជាការ ប្រៀបធៀបអំពីបរិមាណនៃកងកម្លាំងទាហាន និងសព្វាវុធ របស់ប្រទេសកូរ៉េទាំងពីរ ៖

កូរ៉េខាងជើង មានទាហាន និងកាភ្លើងធំច្រើនលើសលុបកូរ៉េខាងត្បូង។ អំពីប្រការនេះ តាមទ្រឹស្ដី ក្រុងព្យុងយ៉ាង មានប្រៀបជាងក្រុងសេអ៊ូល។ ប៉ុន្តែ ទាហានច្រើន ប្រើប្រាស់អាវុធធុនស្រាល មិនមែនមានន័យថា កូរ៉េខាងជើងខ្លាំងនោះទេ។ ទាហានរបស់កូរ៉េខាងជើង ថ្វីដ្បិតតែច្រើន ប៉ុន្តែអាវុធភាគច្រើន សុទ្ធតែចាស់ៗ។

/

កូរ៉េខាងជើង មានយន្តហោះចម្បាំង ៥៦៣ គ្រឿង ដែលអាចប្រយុទ្ធបាន។ តាមជាក់ស្ដែង យន្តហោះទាំងនេះ ធ្លាប់បានផ្អាកដំណើរការមួយរយៈពេលកាលពីឆ្នាំ ២០១៤ ដើម្បីជួសជុល។ មន្ទីរស្រាវជ្រាវយុទ្ធសាស្ដ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស វាយតម្លៃថាកូរ៉េខាងជើង នៅតែពឹងផ្អែកទៅលើសព្វាវុធហួសសម័យ។

ផ្ទុយទៅវិញ​ កូរ៉េខាងត្បូង ថ្វីបើមានទាហានតិច ប៉ុន្តែ ពួកគេមានអាវុធទំនើបៗ ដែលផ្គត់ផ្គង់ដោយអាមេរិក ក្នុងនោះមានរថក្រោះជាង ២០០០ គ្រឿងយន្ដហោះចម្បាំង F5, F15, F16 និងយន្តហោះទម្លាប់គ្រាប់បែក រាប់រយគ្រឿង។ ក្រៅពីនេះ នៅមានកត្តាពិសេសមួយដែលមិនអាចមើលរំលងបាន នោះគឺ កូរ៉េខាងត្បូង គឺជាផ្ទះរបស់ទាហានអាមេរិក ចំនួន ២៨៥០០នាក់។

អតុលភាពខាងលើ ធ្វើឱ្យក្រុងព្យុងយ៉ាង​ ផ្ដង់ការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍអាវុធនុយក្លេអែរ ព្រោះថា ប្រទេសនេះយល់ថា មានតែអាវុធនេះទេទើបមានប្រៀបលើកូរ៉េខាងត្បូង។ មកដល់ពេលនេះ កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអែរប្រហែល ២០គ្រាប់ ដែលអាចភ្ជាប់នឹងកាំជ្រួចធុនរយៈចម្ងាយខ្លី និងមធ្យម។

/

គួររំលឹកថា ថ្មីៗនេះ ក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសង្គ្រាមពេញលេញជាមួយកូរ៉េខាងត្បូង ចំណែកក្រុងសេអ៊ូលវិញក៏បានអះអាងថានឹង ឆ្លើយ តបយ៉ាងខ្លាំងក្លាទៅនឹងការវាយប្រហាររបស់កូរ៉េខាងជើងផងដែរ។

យ៉ាងនេះក្ដី បន្ទាប់ពីផ្ទុះអាវុធដាក់គ្នានៅតាមបណ្ដោយព្រំដែន​ ប្រទេសទាំងពីរ បានអង្គុយទល់មុខគ្នា ដើម្បីរកដំណោះស្រាយ បន្ធូរបន្ថយភាពតានតឹងនាបច្ចុប្បន្ន៕

ប្រែសម្រួលដោយ ៖​ តារាប្រភព ៖ Telegraph