ព័ត៌មានអន្តរជាតិ ៖ ត្រីចម្លែកដ៏ធំមួយ មានប្រវែងដល់ទៅ ២ ម៉ែត្រ ត្រូវបានក្រុមមនុស្សមួយក្រុមប្រមាញ់បាន នៅក្នុងដែនទឹកប្រទេសសឹង្ហបុរី នោះគឺ ប្រមាញ់បាននៅឯ Pedra Branca នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសសឹង្ហបុរី singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា មិនត្រឹមតែមានប្រវែងវែងនោះទេ តែវាក៏មានគីឡូធ្ងន់ផងដែរ នោះគឺ មានទម្ងន់ដល់ទៅ ២៧០ គក ឯណោះ ។ យ៉ាងណាមិញ បើតាមប្រភពសារព័ត៌មានដដែលក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ត្រីចម្លែកគីឡូធ្ងន់មួយនេះ ត្រូវបានហាងម្ហូបសមុទ្រមួយកន្លែងទទួលទិញ ក្នុងតម្លៃ ៦,០០០ ដុល្លារ ខណៈពេលដែលវាអាចបម្រើជូនភ្ញៀវដល់ទៅ ៧០០ នាក់ នេះបើតាមការរំពឹងទុក។

លោក Johnny Tan វ័យ ៥២ ឆ្នាំ ដែលត្រូវជាម្ចាស់ហាងម្ហូបសមុទ្រ Grouper King បានគូសបញ្ជាក់អោយដឹងថា មុននឹងឈានដល់ ការចំអិនវា បម្រើជូនភ្ញៀវកាលពីម្សិលមិញនេះ ពួកយើងបានចំណាយពេលដល់ទៅ ១០ ម៉ោង ដើម្បីធ្វើការសម្អាតវា ស្របពេលដែលបានប្រើកម្លាំងមនុស្សប្រុស ដល់ទៅ ៧ រូប ដើម្បីយកវាទៅបន្ទប់ចំអិនផងដែរ។

លើសពីនេះ គាត់ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា ខណៈពេលដែលគាត់បានទទួលទូរស័ព្ទពីសំណាក់ក្រុមអ្នកនេសាទ និងបានទៅដល់កំពង់ផែស្ទួចត្រីSenoko គាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញ ក្រុមអ្នកនេសាទប្រមាញ់បានត្រីដ៏ធំបែបនេះ ស្របពេលដែលគាត់មិនដែលធ្លាប់បានឃើញ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីគាត់ដំណើរការនូវមុខជំនួញបើហាងម្ហូបសមុទ្រមួយនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen