ព័ត៌មានអន្តរជាតិ ៖  មានការឈ្លោះប្រកែក ដល់ថ្នាក់កើតជាជម្លោះវាយតប់គ្នា  រវាងមន្រ្តីរដ្ឋាភិបាល និង​ អ្នកតំណាងរាស្រ្ត  ក្នុងអំឡុងកិច្ចប្រជុំ   ស្តីពីគំរោងថវិកាជាតិ ឆ្នាំ ២០១៣ ក្នុងសភាប្រទេស ម៉ាសេដូនី នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស arabnews ដែលទើបតែបានចេញផ្សាយមុននេះ។

width=476

មិនត្រឹមតែមានការឈ្លោះប្រកែកគ្នា ដល់ថ្នាក់កើតជាអំពើហិង្សានៅក្នុងសភាប៉ុណ្ណោះទេ តែបើងាកក្រឡេកមកមើល នៅឯក្រៅសភាជាតិនៃប្រទេសនេះវិញ  ក៏ឃើញមានអ្នកគាំទ្រភាគីទាំងសងខាង ក៏បានវាយតប់គ្នា បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅឯកណ្តាលក្រុង Skopje ដែលបានបណ្តាលអោយមនុស្ស  ៦ នាក់បានរងរបួស ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារប៉ូលីសមានសមត្តកិច្ច ដោយធ្វើការបំបែកភាគីជម្លោះទាំងពីរផងដែរ។

ទាក់ទិនទៅនឹងការលើកឡើងពីគំរោងថវិកាជាតិឆ្នាំ  ២០១៣ នេះ រដ្ឋាភិបាលបានស្នើឡើងនូវគំរោងដែលសើ្មនឹងសាច់ប្រាក់ប្រមាណជាង  ៣,២  ពាន់លានដុល្លារ​  ស្របពេលដែលប្រទេសនេះ  ក៏កំពុងតែជួបនូវវិបត្តិឱនភាពសេដ្ឋកិច្ច  ដែលក្រោយមកក៏មានការបដិសេធ  ពីសំណាក់គណបក្សប្រឆាំង ដោយស្នើយល់ព្រមត្រឹមតែ ២៦០ លានដុល្លារ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងតែដាំក្បាលចុះនៅឡើយ។

គួរបញ្ជាក់ផងដែរថា  សេដ្ឋកិច្ចប្រទេសនេះ ទើបតែរាងធូរស្រាលបន្តិចតែប៉ុណ្ណោះនៅក្នុងត្រីមាសទី ៣ នេះ ខណៈពេលដែល GDP បានកើនឡើងត្រឹមតែ ០,៣ ភាគរយ បន្ទាប់ពីសេដ្ឋកិច្ចជាតិពិបាកនឹងងើបឡើង ក្នុងអំឡុង ២ ត្រីមាសកន្លងមក៕

ដោយ ៖ ពិសិដ្ឋប្រភព ៖​ arabnews