តើអ្នក មានបានឆ្លុះកញ្ចក់មើលមុខរបស់ខ្លួនឯង ដែរឬទេ មុនពេលចេញទៅធ្វើការថ្ងៃនេះ។ ពិតណាស់ អ្នកប្រាកដជាបានឆ្លុះកញ្ចក់មើលមុខខ្លួនឯង។ ប៉ុន្ដែតើអ្នក បានឆ្លុះកញ្ចក់មើលសព្វជ្រុងជ្រោយ ដែលជួយអ្នក កំណត់បាននូវបញ្ហាសុខភាព ដែលបង្ហាញលើផ្ទៃមុខរបស់អ្នក ឬទេ? មែនហើយ អ្នកប្រាកដជាពុំបានពិនិត្យដិតដល់នោះទេ។ មុខរបស់អ្នក គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពរបស់អ្នក ហើយនៅពេលដែលមានបញ្ហាមិនស្រួល នៅក្នុងខ្លួនរបស់អ្នក មុខរបស់អ្នកនឹងឆ្លុះបញ្ចាំងនូវបញ្ហានោះ ដោយសញ្ញាអ្វីមួយ។ វាដល់ពេល ដែលអ្នកត្រូវរៀនកត់ចំណាំ ពីសញ្ញាទាំងនោះហើយ។ ខាងក្រោមនេះ គឺជាសញ្ញាបញ្ជាក់ ដែលអាចជួយអ្នកឱ្យចាប់ថ្នាក់បាននូវបញ្ហាសុខភាព ដែលមុខរបស់អ្នកអាចបង្ហាញឱ្យឃើញ៖

/

ស្នាមជ្រួញលើថ្ងាស៖ ស្នាមជ្រួញលើថ្ងាស អាចបញ្ជាក់ពីបញ្ហារំលាយអាហារ។ អ្នកអាចកម្ចាត់បញ្ហានេះ ដោយការញ៉ាំទឹកក្ដៅឧណ្ហៗ លាយជាមួយទឹកក្រូចឆ្មារបន្ដិច ឱ្យបានមុនញ៉ាំអាហារពេលព្រឹក។

ស្នាមជ្រួញជុំវិញមាត់៖ ជាទូទៅ ស្នាមជ្រួញនៅជុំវិញមាត់ បណ្ដាលមកពីការជក់បារី។ ដើម្បីកាត់បន្ថយស្នាមជ្រួញនេះ អ្នកត្រូវបន្ថយជក់បារីក្នុងមួយថ្ងៃៗ និងត្រូវបញ្ឈប់ជក់បារីតែម្ដង។ ម្យ៉ាងទៀត អ្នកត្រូវលាបក្រែមរលោងលើបបូរមាត់(Lip Balm) ឱ្យបានទៀងទាត់ដើម្បីឱ្យបបូរមាត់របស់អ្នកទន់ និងក្មេងជាងវ័យ។

រមាស់ត្រចៀក៖ ប្រសិនបើអ្នករមាស់ត្រចៀក អ្នកប្រាកដជាមានប្រតិកម្មអាលែក្ស៊ីក្នុងខ្លួនហើយ។ រោគសើរស្បែកមួយចំនួនដូចជា ជំងឺផ្សិតលើស្បែក និងជំងឺត្រអក ជាសញ្ញាដែលតែងកើតឡើងចំពោះមនុស្ស ដែលខ្វះជាតិវីតាមីន D។ ដើម្បីកម្ចាត់បញ្ហានេះ អ្នកត្រូវឱ្យដៃ និងមុខរបស់អ្នកត្រូវពន្លឺព្រះអាទិត្យ និងស្រូបយកវីតាមីនដ៏សំខាន់នេះ។

ឡើងមុនលើថ្ងាស៖  វាជាសញ្ញា នៃបញ្ហាថ្លើម និងអាការៈច្រាល់ក្រពះ។ សូមញ៉ាំទឹកឱ្យបានច្រើន ដើម្បីបញ្ចេញចោលជាតិពុល ពីខ្លួនរបស់អ្នក។ ម្យ៉ាងទៀត អ្នកត្រូវញ៉ាំពពួកអាហារ ដែលល្អសម្រាប់ថ្លើមឱ្យបានច្រើនដូចជា បន្លែស្លឹកបៃតង និងបន្ថយការញ៉ាំអាហារច្នៃ និងជាតិកាហ្វេអ៊ីន។

រង្វង់ខ្មៅក្រោមភ្នែក៖ បើសិនជាអ្នកឃើញស្នាមខ្មៅក្រោមភ្នែក ក៏សូម្បីតែអ្នកគេង និងសម្រាកគ្រប់គ្រាន់ហើយនោះ វាអាចបណ្ដាលមកពីអាការៈទាស់អាហារ ឬទឹកដោះ។ ដើម្បីកម្ចាត់បញ្ហានេះ សូមឈប់ញ៉ាំអាហារផលិតពីទឹកដោះ និងស្រូវសាឡី។ ម្យ៉ាងទៀត ត្រូវកាត់បន្ថយទទួលទានគ្រឿងស្រវឹង។

ចេញមុនជុំវិញចង្ការ៖ នៅពេលកម្រិតអ័កម៉ូន Estrogen ក្នុងខ្លួន ដែលល្អចំពោះស្បែក មានការថយចុះ ស្បែកក៏បាត់បង់ភាពស្រស់ថ្លារបស់វា ហើយមុខក៏ចាប់ផ្ដើមចេញមុន។ អាការៈនេះ តែងកើតចំពោះស្រ្ដីវ័យចំណាស់ ដែលកើតមុនខ្ទុះ នៅលើស្បែក ឬអាចកើតនៅជុំវិញចង្ការ ឬតាមជើងសក់។ អ្នក អាចព្យាបាលបញ្ហានេះ ដោយការទទួលទានដំឡូងជ្វារ និងស្វាយ ពីព្រោះផ្លែឈើទាំងនេះ មានផ្ទុកជាតិវីតាមីន A ច្រើន ដែលអាចជួយឱ្យស្បែកផលិតកោសិកាស្បែកថ្មីបានល្អប្រសើរ ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth