ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា បានបែកគំនិតកុហកប្រពន្ធរបស់ខ្លួន ថាចោរប្លន់លុយអស់ បន្ទាប់ពីគាត់បានចំណាយលុយអស់ប្រមាណជាង ១០០០ ដុល្លារចូលក្លឹបនារីរាំស្រាត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។
គួរបញ្ជាក់ផងដែរថា បុរសជាស្វាមីកំហូចរូបនោះ មានឈ្មោះថា Jesus Mata Jr វ័យ ២១ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ដោយគាត់បានចំណាយលុយទាំងអស់នោះ ចូលទៅកំសាន្តអារម្មណ៍ ក្នុងក្លឹបនារីរាំស្រាតមួយកន្លែង ដែលមានឈ្មោះថា Whi-spers ។

ជំនួសអោយការមិនហ៊ានប្រាប់ប្រពន្ធពីការពិត បន្ទាប់ពីចំណាយលុយទាំងនោះអស់ បុរសជាស្វាមីរូបនេះ បានបែកគំនិតដោយបានប្រឌិតរឿងបិទបាំង ពោលគឺគាត់បានរាយការណ៍ទៅកាន់ភ្នាក់ងារប៉ូលីស ដោយបានបញ្ជាក់ថា មានបុរស៦ នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដែ បានចុះមកពីឡានពីគ្រឿង គំរាមសម្លាប់គាត់ បើសិនណាមិនព្រមប្រគល់ប្រាក់អោយ។
ក្រោយមកបន្ទាប់ពីមានការតាមដានស៊ើបអង្កេត និងសាកសួរព័ត៌មានលំអិតពីបុរសជាស្វាមី តែដោយសារតែរឿងគ្រប់យ៉ាងត្រូវបានប្រឌិតឡើងនោះ ទើបធ្វើអោយប៉ូលីសតាមទាន់ខណៈពេលផ្តល់ចម្លើយភ័យផង រន្ធត់ផង និងគ្មានប្រភពច្បាស់លាស់ផង ទើបធ្វើអោយបុរសរូបនោះ សារភាពតែម្តង៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening