(អាមេរិក)៖ យោងតាមនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple លោក Tim Cook ទូរស័ព្ទដៃ iPhone 7 Plus មានអេក្រង់ទំហំ៥.៥អ៉ីញ ដែលត្រូវបានដាក់លក់ នៅក្នុងទីផ្សារកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅជាមួយនិង iPhone 7 មានអេក្រង់ទំហំ៤.៧អ៉ីញនោះ គឺជាស្មាតហ្វូនម៉ូដែល «Plus» ដែលមានប្រជាប្រិយភាពជាងគេបង្អស់ របស់ក្រុមហ៊ុន Apple ដោយការលក់ iPhone 7 Plus បានវាដាច់ iPhone 6 Plus ដែលចេញកាលពីឆ្នាំ២០១៤ រួមទាំង iPhone 6s Plus ដែលចេញកាលពីឆ្នាំ២០១៥។ នេះបើតាមការដកស្រង់ការចេញផ្សាយ ដោយសារព័ត៌មាន Mac Rumors នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

ត្រកូល «Plus» របស់ Apple ពីដើមមកតែងតែមានកត្តា ខុសគ្នាផ្សេងៗបើធៀបទៅនឹង iPhone ដែលមានទំហំតូចដែលក្រុមហ៊ុន Apple បានផ្តល់ឲ្យ ក៏ប៉ុន្តែសម្រាប់ iPhone 7 Plus ការបំពាក់មកជាមួយនូវ «កាមេរ៉ាភ្លោះ» ទំនងជាទទួលបានប្រជាប្រិយភាព ជាពិសេសពីសំណាក់អតិថិជន។ កាមេរ៉ាចំនួនពីរគ្រាប់របស់ iPhone 7 Plus នេះពិតជាអាចអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ផ្តិតយករូបភាព បានយ៉ាងល្អឥតខ្ចោះ ហើយ iPhone 7 Plus ស្ថិតនៅក្នុងចំណោមស្មាតហ្វូន ដែលមានកាមេរ៉ាល្អជាងគេបំផុត ប្រចាំឆ្នាំ២០១៦។

គួរបញ្ជាក់ថា បើយោងតាមលោក Tim Cook ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញ លើពិភពលោកមួយនេះ បានមើលស្រាលលើតម្រូវការអតិថិជន ចំពោះ iPhone 7 Plus ដោយ Apple មិនបានរំពឹងថា ម៉ូដែលនេះលក់ដាច់ខ្លាំងជាង iPhone 7 ធម្មតានោះឡើយ ជាហេតុធ្វើឲ្យមានបញ្ហាផ្នែកតម្រូវការ និងផ្គត់ផ្គង់ជាមួយឧបករណ៍នេះ ដែលជះឥទ្ធិពលដល់ការលក់ ប៉ុន្តែទោះជាបែបនេះក្តី ក្រុមហ៊ុន Apple បានលក់ដាច់ iPhone សរុបចំនួន៧៨.៣លានគ្រឿង នៅអំឡុងត្រីមាសទី៤ នៃឆ្នាំ២០១៦៕

Image

Image

Image

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង