ទារកក្បាលពីរម្នាក់ បានចាប់កំណើតនៅប្រទេសឥណ្ឌា ប៉ុន្តែ បានស្លាប់បន្ទាប់ពីកើតបាន ៣២ម៉ោង ដោយសារតែពុកម្ដាយមិនស្ដាប់តាមសំដីរបស់ក្រុមគ្រូពេទ្យ ដោយយកកូនទៅផ្ទះ។
ទារកបានចាប់កំណើត កាលពីព្រឹកថ្ងៃទី ៣តុលាកន្លងទៅ ដោយនារីអាយុ ២១ឆ្នាំម្នាក់ រស់នៅក្នុងក្រុង Ajmer រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ ទារកនេះ មានទម្ងន់ ២,៥គីឡូក្រាម។

Jai Prakash Narayan ដែលជាគ្រូពេទ្យកុមារនៅមន្ទីរពេទ្យដែលទារកក្បាលពីរនេះចាប់កំណើត ឱ្យដឹងថា អ្នករាល់គ្នានៅទីនេះ បានហៅទារកនេះថាជាមនុស្សមានបុណ្យ ហើយអ្នកណាៗក៏ចង់ឃើញទារកនេះ។
គ្រូពេទ្យ Jai Prakash Narayan ឱ្យដឹងថា ទារកនេះកើតមកមានសុខភាពមាំមួន តែជួបបញ្ហាតិចតួចទាក់ទឹននឹងផ្លូវដង្ហើម។ នេះគឺជាកូនដំបូងរបស់គូស្វាមីភរិយាវ័យក្មេងមួយគូ ដូច្នេះពួកគេមិនបានទៅពិនិត្យផ្ទៃពោះដើម្បីរកឃើញបញ្ហារបស់ទារក។
បើទោះរូបរាងខាងក្រៅ គេឃើញថា ទារកនេះមានក្បាលពីរ ខ្លួនមួយ ប៉ុន្តែ រូបភាពដែលថតឆ្អឹងខាងក្នុងឱ្យគេឃើញថា ឆ្អឹង និងអវៈយវៈខាងក្នុងគឺដាច់ដោយឡែកពីគ្នា។ ក្រុមគ្រូពេទ្យបានពិចារណាទៅលើការវះកាត់ដើម្បីបំបែកទារកនេះជាពីរ ប៉ុន្តែ វាមានភាពស្មុគស្មាញ និងបង្កការលំបាកច្រើន។

គ្រូពេទ្យ Jai Prakash Narayan ថ្លែងថា “ការវះកាត់អាចនឹងត្រូវបានធ្វើឡើងក្នុងករណីទារកជាប់គ្នា ប៉ុន្តែករណីនេះពិតជាស្មុគស្មាញ ហើយវាហាក់ដូចមិនអាចវះកាត់បាន។ បើទោះទារកជាប់គ្នានេះ មានអវៈយវៈខាងក្នុងដាច់ដោយឡែក ប៉ុន្តែ វាជាប់គ្នានៅខាងក្នុងរាងកាយ ដោយសារមានតែដៃពីរ និងជើងពីរ។”
បន្ទាប់ពីចាប់កំណើត ទារកនេះត្រូវបានយកទៅមើលថែក្នុងបន្ទប់ពិសេស។ ប៉ុន្តេ ពុកម្ដាយរបស់ទារកនេះ បានសម្រេចចិត្តយកទៅផ្ទះ ដោយមិនស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ ចុងក្រោយ ទារកនេះក៏បានស្លាប់ បន្ទាប់ពីចាប់កំណើតបាន ៣២ម៉ោង។ បើសិនជាស្ដាប់តាមគ្រូពេទ្យ នោះទារកនេះ ប្រហែលជាអាចនៅមានជីវិត។

យោងតាមការសិក្សាស្រាវជ្រាវដែលទើបបានប្រកាសឱ្យដឹង នៅក្នុងប្រទេសឥណ្ឌា ក្នុងចំណោមទារកទើបចាប់កំណើត ១០០នាក់ គឺមាន ២នាក់ដែលពិការពីកំណើត៕
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail