ដើម្បីស្រាយបំភ្លឺជូនសាធារណជន ទស្សនាវដ្ដី Business Insider បានចេញផ្សាយអំពីមូលហេតុដែលនាំឱ្យមហាសេដ្ឋីវ័យក្មេង ដែលជាម្ចាស់ Facebook ពាក់អាវយឺតដដែលៗ រាល់ថ្ងៃ។

នៅក្នុងសន្និសីទកាសែត សួរ-ឆ្លើយ ដំបូងគេរបស់ CEO Facebook កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg ត្រូវបានគេសួរអំពីបញ្ហាផ្សេងៗគ្នា ក្នុងនោះ ក៏មានសំនួរលក្ខណៈឯកជន ប៉ុន្ដែ គួរឱ្យចាប់អារម្មណ៍ ៖ “ហេតុអ្វីបានជាលោក ពាក្យអាវយឺតដដែលៗ រៀងរាល់ថ្ងៃ?”។

លោក Mark Zuckerberg និងភរិយាជនជាតិចិនរបស់គាត់
អ្នកគាំទ្រ Facebook និងចូលចិត្ត Mark Zuckerberg ប្រហែលជាបានដឹងគ្រប់គ្នាហើយថា បុរសនេះ ពាក់អាវយឺតពណ៌ប្រផេះតែមួយគត់ នៅពេលបង្ហាញខ្លួនជាសាធារណៈនៅក្នុងព្រឹត្តិការណ៍នានា។ សម្រាប់ក្រុមអ្នកកាសែត ដែលមានវត្តមាននៅក្នុងសន្និសីទខាងលើ ពួកគេប្រហែលជារំពឹងថា ចម្លើយរបស់ Mark Zuckerberg នឹងជាចម្លើយដ៏កំប្លែងមួយ ក៏ប៉ុន្ដែ មិនដូច្នោះទេ លោកបានឆ្លើយយ៉ាងម៉ឺងមាត់បំផុត អំពីអាវយឺតពណ៌ប្រផេះរបស់ខ្លួន។

មហាសេដ្ឋីនេះ ឆ្លើយថា “ខ្ញុំចង់ធ្វើឱ្យជីវិតខ្លួនឯង មានភាពសាមញ្ញ ដើម្បីជួយឱ្យការងារដែលខ្ញុំត្រូវសម្រេចចិត្ត មានចំនួនតិចបំផុត។ ខ្ញុំចង់ទុកថាមពលដែលនៅសល់ ដើម្បីបម្រើសាធារណជន ឱ្យបានល្អបំផុត”។

យោងតាមចម្លើយរបស់ Mark Zuckerberg គេអាចស្រមៃឃើញថា សូម្បីតែការសម្រេចចិត្ត ដូចជា ថ្ងៃនេះត្រូវស្លៀកពាក់បែបណា ព្រឹកនេះត្រូវហូបអាហារអ្វី ជាដើម ក៏ធ្វើឱ្យមនុស្សបាត់បង់ថាមពលច្រើន។ គាត់មិនចង់ចំណាយពេលច្រើន ទៅលើការសម្រេចចិត្តដ៏តូចតាចនោះ ដូច្នេះ គាត់មានអាវយឺតច្រើន ប៉ុន្ដែ មួយណាក៏ ក មូល និងមានពណ៌ប្រផេះ។

Mark Zuckerberg បង្ហើបឱ្យដឹងថា “ខ្ញុំកំពុងស្ថិតក្នុងតំណែងដ៏សំណាងមួយ។ រាល់ថ្ងៃ ពេលក្រោកពីគេង ខ្ញុំមានឱកាសបម្រើមនុស្សរាប់ពាន់លាននាក់។ ដូច្នេះ ប្រសិនខ្ញុំចំណាយពេលដើម្បីធ្វើការងារតូចតាច និងមិនសមហេតុផលសម្រាប់ជីវិត ខ្ញុំមានអារម្មណ៍ថា វាគ្មានប្រយោជន៍”។


ក្រៅពីនេះ ម្ចាស់ Facebook ក៏បានលើកឡើងអំពីបុគ្គលមួយចំនួនដែលមានឈ្មោះល្បី មានដូចជា Steve Jobs ឬ Barack Obama ជាដើម ដោយថា ពួកគេទាំងនោះ ក៏មានការយល់ឃើញដូចជារូបលោក៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Businessinsider