
ប្រសិនបើនិយាយពីកុមារគេប្រៀបដូចជា ក្រណាត់សមួយផ្ទាំង ដែលមានលោកអ្នក ជាឪពុកម្ដាយឬ អាណាព្យាបាលជាអ្នកផាត់ពណ៌ និងបញ្ចូលនូវវត្ថុណាមួយ ទៅក្នុងខួរក្បាលរបស់គេ ។ ថ្ងៃនេះយើងមាន វិធីសម្រាប់ការបំពេញបន្ថែមភាពវៃឆ្លាត ដល់កូនៗរបស់លោកអ្នក។ វិធីខាងក្រោមនេះសំខាន់បំផុតសម្រាប់កុមារតូចៗ ដែលមាន អាយុចាប់ពី១ឆ្នាំ ដល់ ៦ឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុត នៃការលូតលាស់ខួរក្បាល។ ១. ហ្វឹកហាត់ឲ្យកូនៗរបស់លោកអ្នកគូររូបភាព ទោះបីថា វាជាសកម្មភាពគ្រាន់តែគូរលេងក្ដី គួរតែបណ្ដោយទៅតាមចេតនារបស់ពួកគេ ព្រោះទង្វើបែបនេះជួយផ្ចុងផ្ដើម ឲ្យកូនៗរបស់លោកអ្នក មានការគិតពិចារណាបានយ៉ាងល្អប្រសើរបំផុត ។២. រៀបចំទូទុកដាក់សៀវភៅទៅឲ្យមាននៅក្នុងផ្ទះ ទោះបីជាកូនៗលោកអ្នកមិនទាន់ចេះអានដាច់ក៏ដោយ។ ផ្ទុយទៅវិញ រូបភាពពណ៌ស្រស់ស្អាតដែលមាន នៅក្នុងសៀវភៅទាំងនោះ អាចឲ្យកូនៗលោកអ្នកនឹកចង់បើកសៀវភៅមើលឬក៏ឪពុកម្ដាយជាអ្នកអានឲ្យពួកគេស្ដាប់ ក៏ជាវិធីល្អដែរ ។៣. ហ្វឹកហាត់ឲ្យកូនៗបត់ក្រដាស់ គឺជាការជំរុញការវិវត្ដន៍ខាងសាច់ដុំ និងខួរក្បាលរបស់ពួកគេ មានការលូតលាស់រីកចំរើនបានល្អ។៤. ហ្វឹកហាត់កូនឱ្យរាប់លេខ និង ភាពខុសប្លែកគ្នា នៃទ្រង់ទ្រាយ ពណ៌សម្បុរ ព្រោះក្រៅពីធ្វើឲ្យកូនលោកអ្នក សិក្សាស្វែងយល់ពីភាពខុសប្លែកគ្នាហើយនោះវាថែមទាំងជួយឲ្យកូនលោកអ្នកចេះរាប់លេខបានកាន់តែច្រើនឡើងទៀតផង ។៥. ហ្វឹកហាត់កូនចេះច្នៃបង្កើតរបស់លេង ដោយនាំយករបស់ ដែលនៅសល់ពីការប្រើ ប្រាស់ដូចជា ប្រអប់ ទឹកដោះគោឆៅ ស្លឹកឈើ ដបទឹក ឬ ដុំថ្ម មកកែច្នៃ ដើម្បីជួយបង្កើតគំនិតផ្ដួចផ្ដើមវត្ថុទាំងនោះឲ្យចេញជារូបរាងអ្វីមួយ ដែលពួកគេនឹកឃើញ។៦. បើកឱកាសឲ្យកូនធ្វើកិច្ចការជាច្រើនយ៉ាងនិងហ្វឹកហាត់ឲ្យកូនចេះប្រើគំនិត ព្រមទាំងក្លាហានក្នុងការ សម្តែង និង បញ្ចេញគំនិតយោបល់។៧. បង្រៀនកូនឲ្យចេះហាត់ប្រាណជាប់ជាប្រចាំ ដើម្បីឲ្យរាងកាយធ្វើចលនាជំរុញឲ្យមានអុកស៊ីហ្សែន ទៅចិញ្ចឹមកោសិកាខួរក្បាលបានកាន់តែច្រើនឡើង។ ដើម្បីជំរុញឲ្យមានការវិវត្ដន៍ល្អនិងជួយឲ្យកូនមាន ភាពវ័យឆ្លាតព្រមទាំងមានប្រសិទ្ធភាព ឪពុកម្ដាយត្រូវយកចិត្ដទុកដាក់ ទៅលើរឿងខាងលើនេះឲ្យបានល្អ។


ដោយៈ វណ្ណៈប្រភពៈ lookingtoday