ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋ បានទទួលស្គាល់ថា លោក Donald Trump កំពុងតែចាញ់ប្រៀបគូប្រជែកមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ។

/

លោក Donald Trump ជា​បេក្ខជនប្រធានាធិបតី​អាមេរិកមកពីបក្សសាធារណរដ្ឋ

Kellyanne Conway អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump កាលពីថ្ងៃទី ២៣តុលាបានទទួលស្គាល់ថា លោកស្រី Clinton មានប្រៀបជាង ក្នុងនោះក៏មានផ្នែកថវិកាដែលអនុញ្ញាតឱ្យលោកស្រីធ្វើការឃោសនាតាមកញ្ចក់ទូរទស្សន៍នៅមុនពេលបោះឆ្នោត នាថ្ងៃទី៨វិច្ឆិកា។

អ្នកស្រី Conway និយាយនៅលើ NBC ថា “យើងខ្ញុំបានធ្លាក់មកខាងក្រោយ”។ អ្នកស្រីបន្តថា យុទ្ធនាការឃោសនារបស់លោក Trump នឹងប្រឹងប្រែងដើម្បីទាក់ទាញអ្នកបោះឆ្នោតដែលកំពុងរារែក។

ការបញ្ចេញមតិខាងលើត្រូវបានធ្វើឡើងក្នុងពេលចំនួនអ្នកគាំទ្រលោកស្រី Clinton បន្តកើនឡើង នៅក្នុងការស្ទង់មតិនានា។

/

Kellyanne Conway អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump

យោងតាមការស្ទង់មតិដែលត្រូវបានធ្វើឡើងដោយ Washington Post និង ABC News ចំនួនអ្នកគាំទ្រលោកស្រី Clinton គឺកើនឡើងដល់ ៥០% ខណៈដែលអ្នកគាំទ្រលោក Trump មានត្រឹមតែ ៣៨%។

ប្រែសម្រួល ៖ តារាប្រភព ៖ Telegraph, BBC