ពណ៌របស់បឹងអំបិលបុរាណមួយនៅ Yuncheng ខែត្រ Shanxi ប្រទេសចិន បានប្ដូរទៅជាពណ៌ក្រហមក្នុងរយៈពេលចុងក្រោយនេះ។

បឹងអំបិលត្រូវបានបែងចែកដោយដងផ្លូវ។ ការប្ដូរពណ៌ដ៏ចម្លែកនេះ បានទាក់ទាញមនុស្សមកទស្សនាយ៉ាងច្រើន ចាប់តាំងពីថ្ងៃទី ២៥កញ្ញារហូតមកដល់ពេលនេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា ប្រជាជនក្នុងតំបន់ បានប្រមូលអំបិលពីបឹងនេះ ក្នុងរយៈពេល ៤.០០០ឆ្នាំមកហើយ។
មនុស្សអាចដេកបណ្ដែតខ្លួននៅលើបឹងនេះ ព្រោះតែកម្រិតនៃជាតិប្រៃរបស់វាខ្ពស់ហួស។ មូលហេតុនេះហើយបានធ្វើឱ្យប្រជាជននៅក្នុងតំបន់នេះដាក់ឈ្មោះបឹងនេះថា “សមុទ្រងាប់របស់ចិន”។ (សមុទ្រងាប់ស្ថិតនៅកណ្ដាលនៃប្រទេស Jordan, Palestine និង Israel គឺជាបឹងយក្សមួយដែលមានជាតិប្រៃខ្ពស់ជាងគេក្នុងពិភពលោក)។

ក្នុងរយៈពេលចុងក្រោយនេះ ទឹកក្នុងបឹងបានប្រែទៅជាពណ៌ក្រហម ដោយសារតែសារាយក្រហមមួយប្រភេទដែលមានឈ្មោះថា salinas dunaliella បានរីកលួតលាស់នៅក្នុងបឹងនេះ។
មុននេះ ប្រជាជន Siberia ប្រទេសរុស្ស៊ីក៏បានប្រទះឃើញបឹងអំបិលពណ៌ក្រហមមួយដ៏ចម្លែក។ ប្រការដែលចម្លែកបំផុតគឺការប្ដូរពណ៌នេះ តែងតែកើតឡើង នៅក្នុងខែសីហារៀងរាល់ឆ្នាំ។ បឹង Burlinskoye នៅក្នុងតំបន់ភ្នំ Altai, Siberia ជាធម្មតាមានពណ៌ខៀវក្នុងរដូវក្ដៅ និងពណ៌ប្រផេះពេលមានអាកាសធាតុមិនល្អ។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ពណ៌របស់ទឹកក្នុងបឹង Burlinskoye ត្រូវបានបង្កើតឡើងដោយពពួកបាក់តេរីពណ៌ក្រហមដែលមានឈ្មោះថា Artemia salina ដែលតែងតែរស់នៅក្រោមផ្ទៃទឹក។
ប្រែសម្រួល ៖ តារាប្រភព ៖ chinadaily