តាមប្រភពពីសារព័ត៌មាន El Mundo ថ្មីៗនេះ បានបង្ហាញពីមូលហេតុពិតប្រាកដដែលធ្វើឲ្យ Ronaldo មិនសប្បាយចិត្ត និងចង់ចាកចេញពី Real ។
តាមការបង្ហាញពី El Mundo, មូលហេតុពិតប្រាកដដែលធ្វើឲ្យកីឡាករសញ្ជាតិពរទុយហ្គាល់មានអារម្មណ៍មិនសប្បាយចិត្តក្នុងការប្រកួតឈ្នះ Granada គឺមានការពាក់ព័ន្ធទៅនឹងឪពុករបស់គាត់។ជាក់ស្តែង នៅមុនការប្រកួតចាប់ផ្តើម Ronaldo បានទៅជួបប្រធានក្លឹប Florentino Perez ដើម្បីស្នើសុំឲ្យក្លឹបប្រារព្ធពិធីរំឭកតូចមួយដល់ឪពុករបស់គាត់ដែលបានស្លាប់យូរមកហើយនោះ ប៉ុន្តែសំណើនេះត្រូវបាន Perez បដិសេធ។
ហេតុផលគឺ Ronaldo គិតថាខ្លួនបានរួមចំណែក ក៏ដូចជាជួយក្លឹបយ៉ាងច្រើន ដូច្នេះខ្លួនសក្តិសមនឹងទទួលបានកាដូពិសេសមួយ ហើយអ្វីដែល Ronaldo ចង់បានគឺចង់ឲ្យក្លឹបប្រារព្ធពិធីរំឭកដល់ឪពុករបស់ខ្លួន ដើម្បីចែករំលែកជាមួយអ្នកគាំទ្ររបស់គាត់ ក៏ដូចជាការដឹងគុណដល់អ្នកដែលបានផ្តល់កំណើតដល់គាត់។ ប៉ុន្តែជាការឆ្លើយតប គឺត្រូវលោក Perez បដិសេធដោយនិយាយថា Ronaldo មិនទាន់ដើរទៅដល់ ជាមនុស្សពិសេសរបស់ក្លឹបឡើយ។

Ronaldo កាលនៅក្មេង និងឪពុករបស់គាត់ដែលបានស្លាប់ 7ឆ្នាំមកហើយ
ចំនុចដែលក្លឹបបដិសេធសំណើរបស់ខ្លួន បានធ្វើឲ្យ Ronaldo មិនសប្បាយចិត្ត ដោយអន់ចិត្តថាក្លឹបមិនគោរពឲ្យតំលៃខ្លួន ហើយចង់ចាកចេញពីក្លឹប។ ទន្ទឹមនឹងនេះ នៅមានហេតុផលមួយចំនួនទៀតបានយល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះនិយាយថា Ronaldo ធ្វើដូច្នេះមកពីគាត់ចង់ឲ្យក្លឹបតំឡើងប្រាក់បៀវត្សដល់ខ្លួន, អ្នកខ្លះថា មកពីមានជម្លោះជាមួយមិត្តរួមក្រុម, ឯអ្នកខ្លះទៀតនិយាយថា មកពីគាត់ពិបាកទ្រាំនឹងបរាជ័យជាមួយ Iniesta ក្នុងការដណ្តើមតំណែងជាកីឡាករឆ្នើមបំផុតនៅអឺរ៉ុប កាលពីពេលកន្លងទៅនេះ៕
ដោយ៖ សិលាប្រភព៖ 24h