ក្រុមអ្នកវិទ្យាសាស្ដ្រនៃសាលាវេជ្ជសាស្ដ្រ Albert Einstein នៅ New York អាមេរិក ទើបតែបានប្រកាសថា ពួកគេបានពិសោធ និងបង្កើតដោយជោគជ័យនូវឪសថមួយប្រភេទដែលជួយបង្កើនអាយុរបស់មនុស្ស ដោយវិធីកាត់បន្ថយនូវបណ្ដាជម្ងឺដែលទាក់ទិននឹងវ័យចាស់នៃរាងកាយមនុស្ស។

ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើនេះ បានអះអាងថា Metformin ដែលជាថ្នាំពិសេសសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមកម្រិត ២ ត្រូវបានគេប្រើប្រាស់ច្រើននៅអាមេរិក ចាប់ពីឆ្នាំ ១៩៩៤ អាចជាដំណោះស្រាយដ៏អស្ចារ្យសម្រាប់ជួយរក្សាមនុស្សឱ្យនៅក្មេងបានយូរ។
ការសិក្សាស្រាវជ្រាវមុននេះ បានបង្ហាញថា ឪសថខាងលើនេះ អាចជួយអួសបន្លាយអាយុនៃសត្វប្រភេទមានធ្មេញមុខរឹងមាំ ដូចជាកណ្ដុរ កំប្រុក។ល។ រួមនឹងព្រូនដែលមានខ្លួនមូលវែង ហើយវិទ្យាសាស្ដ្របច្ចុប្បន្ន ក៏មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីទទួលស្គាល់ថា ថ្នាំប្រភេទខាងលើនោះ ក៏មានប្រសិទ្ធភាពលើរាងកាយមនុស្ស នេះបើតាមបណ្ឌិត Nir Barzilai ប្រធានក្រុមស្រាវជ្រាវ និងជាអគ្គនាយកនៃមន្ទីរស្រាវជ្រាវអំពីភាពចាស់ជរា។

កិច្ចប្រជុំរវាងក្រុមអ្នកស្រាវជ្រាវដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤កន្លងទៅ នៅអាមេរិក ស្ដីអំពីថ្នាំ Metformin បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ កិច្ចប្រជុំនេះនឹងបើកផ្លូវឱ្យមានការពិសោធដ៏ធំ និងយូរអង្វែងមួយដើម្បីស្វែងរកគុណប្រយោជន៍នៃថ្នាំនេះ នឹងអាយុរបស់មនុស្ស។ ក្នុងកិច្ចប្រជុំ អ្នកវិទ្យាសាស្ដ្របានលើកឡើងថា វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីអូសបន្លាយអាយុកាលរបស់មនុស្ស នោះគឺ កាត់បន្ថយបណ្ដាជម្ងឺដែលទាក់ទិននឹងវ័យចាស់ និងធ្វើឱ្យរាងកាយមាំមួនបានយូរអង្វែង។
បណ្ឌិត Barzilai រួមនឹងក្រុមការងារពន្យល់ថា ថ្នាំ Metformin ក្រៅពីមានប្រសិទ្ធភាបក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម វាក៏ជួយព្យាបាលជម្ងឺផ្សេងៗ ដូចជាជម្ងឺបេះដូង មហារីក។ល។ ហើយដោយសារមានតួនាទីកាត់បន្ថយកាឡូរី ដូច្នេះ ថ្នាំ Metformin នេះ ក៏អាចជួយអូសបន្លាយអាយុកាលរបស់ ថនិកសត្វ (សត្វមានដោះ)។

ការពិសោធផ្នែកវេជ្ជសាស្ដ្រមួយនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំ ហើយអ្នកចូលរួមពិសោធ ត្រូវបានអាយុ ចាប់ពី ៧០ ទៅ ៨០ឆ្នាំ និងត្រូវមានជម្ងឺមួយចំនួន ដូចជា ខ្វះឈាមបេះដូង ខ្សោយបេះដូង មហារីក។ល។
ក្រុមអ្នកស្រាវជ្រាវខាងលើ មានសង្ឃឹមយ៉ាងខ្លាំង ហើយថា ថ្នាំខាងលើនេះ នឹងមានប្រយោជន៍ច្រើនក្នុងការជួយអូសបន្លាយអាយុកាលរបស់មនុស្ស៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ MotherBoard