ការរៀបការក្នុងវ័យនៅជាកុមារ នៅតែកើតមានច្រើននៅក្នុងប្រទេសមួយចំនួន ដូចជា យេម៉ែន ឥណ្ឌានិងអាហ្គានិស្ថានជាដើម។ ប្រការនេះបណ្ដាលអោយជីវិតរបស់ក្មេងស្រីទាំងនោះមានទុក្ខវេទនា និងក្លាយជាអ្នករងគ្រោះដោយសារគ្រួសារខាងប្ដីធ្វើបាប។
កាលពីថ្ងៃទី ៥ឧសភា តុលាការមួយនៅអាហ្គានិស្ថានបានបើកសាវនាការកាត់ក្ដីករណីក្មេងស្រី SaharGul អាយុ ១៥ឆ្នាំ ត្រូវគ្រួសារខាងប្ដីវាយធ្វើបាប និងឃុំក្នុងបន្ទប់អនាម័យរយៈពេល ៥ខែ។ ករណីនេះបានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល កាលពីខែធ្នូឆ្នាំទៅ។ សមាជិកគ្រួសារខាងប្ដី ៣រូប ត្រូវទទួលទោសជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទប្រើអំពើហឹង្សាលើកូនប្រសារស្រី។
ការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើស្ដ្រីនៅប្រទេសមួយចំនួន ដូចជា អាហ្គានិស្ថាន និងឥណ្ឌាជាដើមដែលស្ដ្រីត្រូវបានគេមើលដូចជាពលរដ្ឋលំដាប់លេខពីរ កំពុងជួបការលំបាក។ ប្រទេសទាំងនេះមានទំនៀមទំលាប់ការកូននៅពេលពួកគេនៅមានអាយុក្មេងខ្ចី។

នៅក្នុងរូបថតដែលទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងការប្រឡងផ្នែករូបថតសារព័ត៌មានអន្ដរជាតិ ឆ្នាំ ២០១២ បានបង្ហាញថា កុមារី Tahani (អាយុ ៦ឆ្នាំ ពាក់អាវក្រហម) ឈរនៅក្បែរប្ដីរបស់នាង គឺ Majed (អាយុ ២៥ឆ្នាំ)។ អ្នកទាំងពីកំពុងឈរថតរូបជាមួយគូស្វាមី ភរិយាដែលជាមិត្តភ័ក្ដរបស់ពួកគេនៅឯ Hajjah ប្រទេសយេម៉ែន កាលពីថ្ងៃទី ១០ឧសភា ឆ្នាំ ២០១០។ តាមរបាយការណ៍ ស្ដ្រីប្រមាណជាពាក់កណ្ដាលត្រូវបានរៀបការនៅពេលពួកគេនៅជាកុមារី។

ក្នុងរូបខាងលើដែលត្រូវបានថតកាលពីថ្ងៃទី ៦ឧសភា ឆ្នាំ ២០១១ គឺនាង Smita ជាកូនក្រមុំអាយុ ១៣ឆ្នាំ កំពុងកាន់ផ្លែដូង បន្ទាប់ពីពិធីរៀបការរបស់នាងត្រូវបានធ្វើឡើងនៅឯ Rajgarh មានចម្ងាយពី Bhopal ប្រទេសឥណ្ឌា ១៥៥គម។ យោងតាមច្បាប់របស់ឥណ្ឌា ស្ដ្រីក្រោមអាយុ ១៨ឆ្នាំ និងបុរសក្រោមអាយុ ២១ឆ្នាំនឹងមិនត្រូវបានអនុញ្ញាតអោយរៀបការនោះទេ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី អាពាហ៍ពិពាហ៍ដែលធ្វើទៅតាមទំលាប់ចាស់នៅតែត្រូវបានគេអនុវត្ត។

កូនក្រមុំ Guddu Bai (អាយុ ៧ឆ្នាំ) អង្គុយនៅខាងក្រោយនៃរថយន្ដដឹកទំនិញមួយគ្រឿងបន្ទាប់ពីបានរៀបការនៅឯ Biaora ប្រទេស ឥណ្ឌា កាលពីថ្ងៃទី ៧ឧសភា ឆ្នាំ ២០១១។
ម្ដាយ និងកូនក្រមុំ Sintu(អាយុ ១៥ឆ្នាំ) នៅក្នុងវិហារ Balaji ក្នុងភូមិ Kamkheda ភាគខាងលិចឥណ្ឌាកាលពីថ្ងៃទី ៧ឧសភា ឆ្នាំ ២០១១។ ការរៀបការកូននៅក្នុងវ័យក្មេងខ្ចីបែបនេះ ធ្វើអោយពួកនាងត្រូវរងការលំបាកយ៉ាងច្រើន ទន្ទឹមនឹងនេះ ពួកនាងក៏មិនមានឱកាសរៀនសូត្រ បណ្ដាលអោយជីវភាពនៅតែក្រីក្រ។

កូនក្រមុំឈ្មោះ Sahar Gul នៅអាហ្គានិស្ថាន កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ Wazir Akbar Khan ក្នុងក្រុង Kabul កាលពីថ្ងៃទី ១២ មករា ឆ្នាំ ២០១២។ ក្មេងស្រីនេះ ត្រូវបានគ្រួសារខាងប្ដីវាយធ្វើបាបនិងឃុំខ្លួននៅក្នុងបន្ទប់អនាម័យដល់ទៅ ៥ខែ។ សមាជិកគ្រួសារខាងប្ដី ៣រូប ត្រូវទទួលទោសជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទប្រើអំពើហឹង្សាលើកូនប្រសារ។

ក្នុងរូបថតនេះ គ្រូពេទ្យកំពុងព្យាបាលអោយ Sahar Gul ។
ករណីក្មេងស្រីអាហ្គានិស្ថានត្រូវបានពុកម្ដាយរៀបការពេលពួកគេនៅជាកុមារ នៅតែកើតមានឡើងជាហូរហែរ បើទោះជាមានការខិតខំពន្យល់ពីអាជ្ញាធរយ៉ាងណាក៏ដោយ។ សម្រាប់ប្រទេសអាហ្គានិស្ថាន សិទ្ធិស្ដ្រីនៅតែជារបស់មួយដែលពិបាកចាប់យក។ រូបខាងលើគឺជាស្ដ្រីអាហ្គានិស្ថាន កំពុងស្ដាប់ការថ្លែងសុន្ទរកថាស្ដីពីសិទ្ធិស្ដ្រីរបស់ប្រធានាធិបតិ Hamid Karzai នៅអាហ្គានិស្ថាន កាលពីខែវិច្ឆិកា ឆ្នាំ ២០១០៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing