នារីម្នាក់រស់នៅក្នុងប្រទេសអាល្លឺម៉ង់ បានប្ដឹងចំពោះនាយកដ្ឋាននគរបាលក្រុង ព្រោះតែខ្លួនត្រូវបានបដិសេធ និងមិនអាចក្លាយជានគរបាល ដោយសារតែនាងបានកែសុដន់។

នារីម្នាក់អាយុ ៣២ឆ្នាំ រស់នៅក្នុងក្រុង Gelsenkirchen ប្រទេសអាល្លឺម៉ង់ (សុំមិនបញ្ចេញឈ្មោះ) បានដាក់ពាក្យសុំចូលធ្វើជានគរបាល តាំងពីឆ្នាំទៅ។ បើទោះនាងបានឆ្លងកាត់ការជ្រើសរើសបឋមដោយជោគជ័យ ប៉ុន្តែ ក្រោយមក នាងត្រូវបាននាយកដ្ឋាននគរបាលបដិសេធ ព្រោះនាងបានកែសុដន់កាលពីមុននេះ។
មូលហេតុដែលត្រូវបាននាយកដ្ឋានលើកឡើង គឺថា ពួកគេមានការព្រួយបារម្ភថា សុដន់ក្លែងក្លាយរបស់នាងអាចនឹងត្រូវផ្ទុះ ក្នុងពេលកំពុងបំពេញភារកិច្ចជានគរបាល ដែលវាអាចបង្កគ្រោះថ្នាក់ដល់នាង និងនគរបាលដទៃ។
ដោយមិនយល់ស្របចំពោះការសម្រេចរបស់នាយកដ្ឋាននគរបាល ក៏ដូចជាមូលហេតុដែលបានលើកឡើង នាងក៏បានដាក់ពាក្យប្ដឹងឡើងតុលាការ។
យោងតាមការកំណត់ នគរបាលអាល្លឺម៉ង់ ហាមអ្នកដែលបានវះកាត់កែសុដន់ ចូលរួមក្នុងកម្លាំងនគរបាល ព្រោះខ្លាចមានបញ្ហាសុខភាពកើតឡើងក្នុងពេលបំពេញការងារ។ ប៉ុន្តែ មេធាវី Sven Ollmann តំណាងឱ្យកូនក្ដីក្នុងការប្ដឹងខាងលើ បានលើកឡើងនៅចំពោះមុខចៅក្រម ដោយយោងទៅលើរបាយការណ៍វេជ្ជសាស្ដ្ររបស់សកលវិទ្យាល័យ Bonn (ក្រុង Bonn ប្រទេសអាល្លឺម៉ង់) ថា ការកែសុដន់នេះ គឺពិតជាមានសុវត្ថិភាព និងមិនមាន “ហានិភ័យនៃការផ្ទុះ” នោះទេ។

អ្នកជំនាញផ្នែកវេជ្ជសាស្ដ្រ ឱ្យដឹងថា ការកែសុដន់ ដោយដាក់ silicon គឺពិតជាមានសុវត្ថិភាព
ចុងក្រោយ តុលាការក៏បានសម្រេចឱ្យនារីម្នាក់នេះ ឈ្នះក្ដី។ ប៉ុន្តែ ដើម្បីបានក្លាយជានគរបាល នាងត្រូវតែដាក់ពាក្យសុំធ្វើជានគរបាលសាជាថ្មី ហើយត្រូវឆ្លងកាត់ការប្រលងដូចមុន។
មេធាវី Ollmann បានឱ្យដឹងថា “អ្វីដែលនាងចង់ នោះគឺការក្លាយជានគរបាលម្នាក់។ នាងពិតជាស្រលាញ់ការងារនេះ”៕
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail