Microsoft Lumia 435 ត្រូវបានគេយល់ថាជាស្មាតហ្វូនលំដាប់ក្រោមរបស់ Lumia 535 ហើយវាមានតម្លៃទាប គួរឱ្យចាប់អារម្មណ៍។

/

Microsoft វាយ​លុក​ទី​ផ្សារ​ស្មាត​ហ្វូន​តម្លៃ​ទាប

មកដល់ពេលនេះ Microsoft ហាក់ដូចមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការផលិតកំពុលស្មាតហ្វូន សម្រាប់ត្រកូល Lumia ដំណើរការដោយ Window Phone ។ ក៏ប៉ុន្ដែ សម្រាប់បណ្ណាផលិតផលតស្មាតហ្វូនម្លៃទាប គឺជាជំនាញរបស់ក្រុមហ៊ុននេះ។ ជាក់ស្ដែង បន្ទាប់ពីបានឧទ្ទេសនាម និងដាក់លក់ស្មាតហ្វូនតម្លៃទាប Lumia 535 មិនយូរប៉ុន្មាន គេក៏ចាប់ផ្ដើមបានឃើញរូបភាព និងព័ត៌មានជាច្រើន ទាក់ទិននឹងផលិតផលតម្លៃទាបផ្សេងទៀត ដែលអាចនឹងបង្ហាញខ្លួនក្នុងពេលដ៏ខ្លីខាងមុខ នោះគឺ Lumia 435។

/

ទូរស័ព្ទឆ្លាតវៃ Lumia 435 ទទួលបានការទទួលស្គាល់ពី FCC (គណកម្មការទូរគមនាគមន៍សហព័ន្ធ) និងការទទួលស្គាល់ផ្នែកគុណភាពរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ ផលិតផលខាងលើនេះ មាន ៥កំណែផ្សេងៗគ្នា រួមមាន RM-1070, RM-1071, RM-1034, RM-1068 និង RM-1032 ក្នុងនេះ ២កំណែចុងក្រោយ ប្រើស៊ីម ២។

អំពីផ្នែករឹង ស្មាតហ្វូន Microsoft Lumia 435 ប្រើប្រាស់ CPU Snapdragon 200 កាមេរ៉ាក្រោយ ៥មេហ្គាភិចសេល និងអេក្រង់ ៤អ៊ិន្ឈ៍ ដែលមានរីសូលូសឹន 480 x 800 ។ រូបរាងរបស់ Lumia 435 មានទំហំប្រហាក់ប្រហែលនឹង Lumia 520 ប៉ុន្ដែ តម្លៃរបស់វា ត្រូវបានគេបង្ហើបឱ្យដឹងថា ត្រឹមតែ ៥៧ដុល្លារអាមេរិក (ប្រហែល ២៣០.០០០រៀល) ប៉ុណ្ណោះ។

/

តម្លៃ ៥៧ដុល្លារ ដែលត្រូវបានទំព័រ PhoneArena លើកឡើង គឺជាលទ្ធផលនៃការស្រាវជ្រាវ និងវិភាគទៅលើទិន្នន័យរបស់ភាគីពាក់ព័ន្ធ។ មុននេះ ប្រភពពីឥណ្ឌា បានឱ្យដឹងថា បណ្ដាផលិតផលថ្មីមួយក្រុម ដែលនឹងត្រូវបាននាំចូលប្រទេសនេះ មានតម្លៃ ៥៧ដុល្លារ និងប្រើប្រាស់ប្រភេទថ្ម ដែលមានកូដ 5J ។ ទាក់ទិននឹងបញ្ហានេះ ភាគីខាង FCC ឱ្យដឹងថា ស្មាតហ្វូន Lumia 435 របស់ Microsoft នឹងក្លាយជាឧបករណ៍ដំបូងគេ ដែលប្រើប្រាស់ថ្មដែលមានលេខកូដដូចខាងលើនេះ។ ដូច្នេះ គេមិនពិបាកក្នុងការសន្និដ្ឋានថា ស្មាតហ្វូនដែលមានតម្លៃទាបនេះ គឺជា របស់ Microsoft ។

/

ថ្មី​ៗ​នេះ ក៏​មាន​ព័ត៌មាន​ស្ដី​អំពី Lumia 330 ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ថា វា​គឺ​ជា Lumia 435 ឬ​យ៉ាង​ណា​

បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីថ្ងៃបង្ហាញខ្លួនរបស់ស្មាតហ្វូនតម្លៃថោក Lumia 435 របស់ Microsoft ប៉ុន្ដែ ដោយយោងទៅលើព័ត៌មានទាក់ទិននឹងស្មាតហ្វូននេះ កាន់តែមានច្រើនឡើងៗ គេជឿថា មិនយូរទៀតនោះទេ Lumia 435 នឹងមានវត្តមានក្នុងទីផ្សារ។

គួររំលឹកថា មុននេះ ក៏មានព័ត៌មានស្ដីអំពីស្មាតហ្វូនតម្លៃទាប Lumia 330 ប៉ុន្ដែ មិនទាន់ដឹងថា តើផលិតផលដែលនឹងលេចមុខក្នុងទីផ្សារនាពេលខាងមុខនេះ នឹងមានឈ្មោះអ្វីឱ្យប្រាកដ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena/Pbtimes