ថ្មីៗនេះ  ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តី​ថ្លែងការ​ស្តី​ពី ​ការ​ស្លាប់​របស់ កុមារី​ជំទង់​ម្នាក់​នៅ​ខេត្ត​ក្រចេះ ហើយស្នើឲ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតចំពោះការបាញ់សម្លាប់នេះ ឲ្យបានពេញលេញ និងមានតម្លាភាព។

width=386

តាមការដឹងថា យ៉ាង​ហោចណាស់​មាន​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ការ​បង្រ្កាប​ក្នុង​ជម្លោះ​ដីធ្លី​​យ៉ាង​ហិង្សា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ ក្នុង​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​។​ នេះ​បើ​យោង​តាម​មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ និង​ក្រុម​មន្ដ្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហរដ្ឋអាមេរិកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមសម្ដែងការសោកស្ដាយ ដោយស្មោះដល់ក្រុមគ្រួសារ និងមិត្ដភក្ដិរបស់ក្មេង ដែលបានស្លាប់នោះ។ ហើយគេមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបាញ់ សម្លាប់កុមារី ឈ្មោះ ហេង ចាន់ថាអាយុ១៤ឆ្នាំ កាលពីថ្ងៃទី១៦ ខែឧសភា ដែលតាមសេចក្ដីរាយការណ៍ បានឲ្យដឹង ថា ករណីស្លាប់ក្មេង​ស្រីជំទង់រូបនេះ បានកើតឡើងក្នុងអំឡុងពេល នៃការចុះបង្រ្កាប របស់កម្លាំងសន្តិសុខកម្ពុជាទៅនឹងការតវ៉ាមួយលើដីសម្បទានសេដ្ឋកិច្ច។

សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា រដ្ឋាភិបាលអាមេរិក បានចាត់ទុកការសម្រេចចិត្តថ្មីៗនេះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្អាកផ្ដល់ សម្បទានដីសេដ្ឋកិច្ចថា ជាការវិវត្តវិជ្ជមាន ជាពិសេស ដោយយោងទៅលើកង្វល់កាន់តែច្រើនឡើង របស់ សាធារណៈជនទៅលើផលប៉ះពាល់បរិស្ថាន និងសិទ្ធិលើទ្រព្យសម្បត្តិ របស់ប្រជាជនកម្ពុជា។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បានសម្ដែងការសោកស្ដាយ ចំពោះ ការផ្ទុះអាវុធត្រូវក្មេងស្រីម្នាក់នោះ រហូតដល់ស្លាប់បាត់បង់ជីវិត ។ ប៉ុន្តែលោក ខៀវ សុភ័គ បញ្ជាក់ថាគោល បំណងរបស់រដ្ឋាភិបាល គឺកម្លាំងសមត្តកិច្ចចុះទៅបង្រា្កបក្រុមរបស់ ប៊ុន រដ្ឋា ដែលមានបំណងធ្វើ អប្បគមន៍ តែ ប៉ុណ្ណោះ។ លោក​មាន​ប្រសាសន៍​កាលថា ​អ្នក​ភូមិ​ចំនួន​ប្រាំ​នាក់​ត្រូវ​សង្ស័យ​ថា ​ជា​អ្នក​បង្ក​ និង​ញុះញង់​ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​បង្កើត​តំបន់​អប្បគម មួយ​ប្រឆាំង​នឹង​ អាជ្ញាធរ​មូលដ្ឋាន ​និង​បាន​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​មួយ​ចំនួន​ ក្នុង​នោះ​មាន​បុគ្គល​ម្នាក់​ ឈ្មោះ ​ប៊ុន ​រដ្ឋា ​ដែល​អាជ្ញាធរ​ចង្អុល​ថា ​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ​ម៉ម ​សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ។ «វា​ជា​អំពើ​ល្មើស​ដែល​ក្រុម​អណាធិបតេយ្យ​បាន​ធ្វើ​នៅ​កន្លែង​ហ្នឹង​។ សមាគម​របស់​គាត់​មាន​ គឺ​សមាគមប្រជាធិបតេយ្យ​ ដែល​មាន​លោក​ម៉ម ​សុណង់ដូ ​ជា​ប្រធាន​។​ ជា​សាខា​របស់​គាត់​នៅ​តាម​ស្រុក ​មាន​បួន ​ទៅ​ប្រាំ​នាក់ ​ហើយ​មេ​ខ្លោង​ដែល​យើង​រក​ចាប់​ខ្លួន​នោះ»។

ប្រភព៖ Usembassyដោយ៖ មិនា