បច្ចុប្បន្ន មាន​មនុស្ស​ខ្លះ កំពុង​តែ​អស់​សង្ឃឹម ដោយ​សារ​តែ​មិន​មាន​ការ​ងារ​ល្អ ប្រាក់​ចំណូល​ មិនគ្រប់​ចាយ ប៉ុន្ដែ បែរ​ជា​ចង់​បង្កើត​ក្រុម​ហ៊ុន​ ឬ​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​មួយ ដូច្នេះ ប្រការ​សំខាន់ គឺ​ត្រូវ​មាន​ការ​យល់​ដឹង ក្នុង​វិស័យ​ដែល​ខ្លួន​ចង់​បង្កើត​ជំនួញ ហើយ​ត្រូវ​សន្សំ​សំចៃ ព្យាយាម និងអត់​ធ្មត់ ឱ្យ​ជា​អតិបរមា​។

ឆ្នាំ ១៩៨៩ Christian Gheorghe បានភៀសខ្លួនពីប្រទេស រ៉ូម៉ានី ទៅកាន់អេមេរិក ដោយមានប្រាក់ត្រឹមតែ ២៦ដុល្លារ ក្នុងខ្លួន ហើយដោយសារមិនស្ទាត់ភាសាអង់គ្លេស គាត់ក៏ស្នាក់នៅក្នុងផ្ទះជួល និងបើកបររថយន្ដ ដើម្បីរកប្រាក់។ មិនយូរប៉ុន្មាន Christian Gheorghe បានក្លាយជាម្ចាស់ក្រុមហ៊ុនធំចំនួន ៤ ដែលទទួលបានជោគជ័យគួរជាទីពេញចិត្ត។ បណ្ដាក្រុមហ៊ុននេះ សុទ្ធតែត្រូវបានលក់ ក្នុងតម្លៃខ្ពស់ ក្នុងនោះ OutlookSoft ត្រូវបានមហាសេដ្ឋីផ្នែកសបវ៉ែរ SAP ទទួលទិញ កាលពីឆ្នាំ ២០០៧ ក្នុងតម្លៃ ៥០០ដុល្លារអាមេរិក។

កាលពីរស់នៅក្នុងប្រទេស រ៉ូម៉ានី Gheorghe មានមុខរបរជាអ្នកលក់ថាសចម្រៀង ហើយរៀនភាសាអង់គ្លេស បានតិចតួច តាមរយៈបទចម្រៀង។ សន្សំបានប្រាក់ Gheorghe ក៏ទិញកុំព្យូទ័រ Commodore 64 មួយគ្រឿង ដែលមានតម្លៃស្មើនឹងប្រាក់ចំណូល ១ឆ្នាំរបស់គាត់។

/ Christian Gheorghe

ក្រោយមក គាត់រៀនបង្កើតកម្មវិធីកុំព្យូទ័រ ដោយខ្លួនឯង តាមរយៈកម្មវិធីហ្គេម ក្នុងកុំព្យូទ័រ។ តមកទៀត Gheorghe ក៏បានចូលសិក្សាផ្នែកព័ត៌មានវិទ្យា ហើយ​ក៏​ទទួលបានបរិញ្ញាបត្រ នៅ រ៉ូម៉ានី។ ប៉ុន្ដែ សញ្ញាបត្រនេះ បែរជាមិនត្រូវបានគេទទួលស្គាល់ នៅពេលគាត់មករស់សហ​រដ្ឋនៅអាមេរិក។

ដើម្បីជីវភាព Gheorghe ត្រូវធ្វើជាអ្នកបើកបររថយន្ដ។ នៅទីនោះ ក៏ជាពេលដែលគាត់បានជួប Andrew Saxe ជាអ្នកបានជួយគាត់ឱ្យអភិវឌ្ឍខ្លួនឯង។ ធ្វើដំណើរក្នុងរថយន្ដជាមួយគ្នា Saxe បានសួរនាំ និងដឹងថា Gheorghe ចូលចិត្តកុំព្យូទ័រ ពេលនោះ Andrew Saxe ក៏បានអញ្ជើញ ឱ្យទៅធ្វើការនៅការិយាល័យរបស់ខ្លួន។

Saxe មានក្រុមហ៊ុនប្រឹក្សាផ្នែកសបវ៉ែរ។ គាត់ បានរួមដៃជាមួយ Gheorghe ដើម្បីបង្កើតក្រុមហ៊ុនមួយ ស្ដីអំពីទិន្នន័យ ក្រោយមក លក់វាទៅឱ្យសេដ្ឋីផ្នែកសេវាកម្មព័ត៌មាន Experian ។ Gheorghe ក៏មានឱកាសមកធ្វើការជាអគ្គនាយកបច្ចេកវិទ្យា ឱ្យក្រុមហ៊ុននេះ បានប៉ុន្មានឆ្នាំ។

បន្ទាប់មក Gheorghe ក៏បានបង្កើតក្រុមហ៊ុនទី ២ ដែលមានឈ្មោះថា TIAN ហើយក្រោយមក គាត់ក៏បញ្ចូលវាជាមួយក្រុមហ៊ុន OutlookSoft ។ ក្រុមហ៊ុននេះ មានជំនាញខាងវិភាគទិន្នន័យអាជីវកម្ម និងនិន្នាការក្នុងវិស័យ តាមរយៈចរាចរផ្នែកហិរញ្ញវត្ថុ។

នៅជំនាន់នោះ បណ្ដាក្រុមហ៊ុនដែលប្រតិបត្តិក្នុងវិស័យខាងលើ ត្រូវបានក្រុមហ៊ុនធំៗ ចូលចិត្តជាខ្លាំង។ ក្រុមហ៊ុនសបវ៉ែរ Oracle ទិញយកក្រុមហ៊ុន Hyperion, IBM ទិញយក Cognos, រីឯSAP ទិញយក OutlookSoft ។ បន្ទាប់ពីនោះ Gheorghe ក៏បានធ្វើការឱ្យ SAP ។

កាលពី ៤ឆ្នាំមុន បំណងនៃការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ក៏បានកើតឡើង ចំពោះ Gheorghe ហើយពេលនោះ  Tidemark ក៏ចាប់មានរូបរាង។ Gheorghe ក៏នៅតែបន្ដផ្ដោតទៅលើសបវ៉ែរវិភាគជំនួញ ប៉ុន្ដែ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីដំណើរការបាននៅលើថេប្លេត និងប្រើប្រាស់បច្ចេកវិទ្យា iCloud ។

អ្នកអាចសួរ Tidemark នូវសំណួរណាមួយក៏បាន អំពីមុខជំនួញ ដូចជាថា “ហេតុអ្វីទំនិញនេះ លក់មិនដាច់?” , “ប្រសិនខ្ញុំបន្ថែមមនុស្ស ៣នាក់ទៀត ទៅក្នុងគម្រោង វានឹងយ៉ាងណា?” , “តើប្រាក់ចំណូលរបស់ក្រុមហ៊ុន ក្នុងត្រីមាស់បន្ទាប់ នឹងយ៉ាងណា?”។ បន្ទាប់មក Tidemark នឹងឆ្លើយតបវិញ ដោយបញ្ចេញតារាងមួយ ហើយវាថែមទាំងអាចលើកឡើងថា បុគ្គលិកណាមួយក្នុងក្រុមហ៊ុន នឹងអាចធ្វើការបានល្អ។

កម្មវិធីខាងលើនេះ ពិតជាបានទាក់ទាញអ្នកប្រើប្រាស់ជាខ្លាំង ហើយរយៈពេលត្រឹមតែ ១៨ខែ បន្ទាប់ពីបានបង្ហាញខ្លួន ក្រុមហ៊ុនរបស់ Gheorghe រកប្រាក់ចំណូលបានដល់ទៅ ៤៥លានដុល្លារអាមេរិក កើនឡើង ៣០០% រៀងរាល់ឆ្នាំ។ ថ្មីៗនេះ Tidemark ក៏ប្រមូលទុន បាន ៨០លានដុល្លារ ពីបណ្ដាមូលនិធិវិនិយោគ ដូចជា Greylock Partners, Redpoint Ventures ឬ Silicon Valley Bank ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bussinessinsider