ការចាប់ផ្ដើមចេញធ្វើអាជីវកម្ម មិនមែនជារឿងសាមញ្ញនោះទេ អ្នកអាចជួបប្រទះនឹងកំហុសទាំង ៧ ខាងក្រោម ប្រសិនមិនបានសិក្សាអោយបានច្បាស់លាស់។

ខាងក្រោមនេះគឺជាកំហុស ដែលអ្នកត្រូវតែចៀសវាងនៅពេលអនុវត្តគម្រោងអាជីវកម្មឯកជនរបស់អ្នក ៖
អ្នកព្រួយបារម្ភពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច
ក្នុងខណៈពេលដែលមានអ្នករកស៊ីជាច្រើនមានការភ័យខ្លាចចំពោះហនិភ័យ ឬវិបត្តិសេដ្ឋកិច្ចនោះ ក្រុមហ៊ុនមួយចំនួនបែរជាយល់ថា នេះគឺជាឱកាសល្អសម្រាប់ពួកគេ។ ការចាប់ផ្ដើមបើកអាជីវកម្មឯកជននៅពេលនោះ អ្នកនឹងមានផលប្រយោជន៍មួយចំនួនដូចជា ប្រាក់ចំណាយអាចនឹងតិចជាងធម្មតា ដោយសារតែក្រុមអ្នកផ្គត់ផ្គង់ និងដៃគូរកស៊ីត្រៀមខ្លួនជានិច្ចក្នុងការជជែកពីការបញ្ចុះតម្លៃ។

លោក Terry Shearer CEO របស់ទំព័រ Organizer.com បានបកស្រាយថា ៖ បើទោះជាសេដ្ឋកិច្ចធ្លាក់ចុះ អ្នកទាំងអស់គ្នាក៏ត្រូវការទិញ ឬជួលសេវាកម្មសម្រាប់គ្រួសារខ្លួន ដោយតម្លៃទាបជាងមុន។ ដូច្នេះ អ្នកក៏នៅតែមានសង្ឃឹមច្រើន។
អ្នកគិតថា អោយតែមានគំនិតអាជីវកម្មគឺគ្រប់គ្រាន់
មនុស្សជាច្រើនតែងចាប់ផ្ដើមរកស៊ីដោយមានគោលដៅទូទៅ ពួកគេមិនបានធ្វើគម្រោងលំអិតដែលអាចនាំមកនូវប្រសិទ្ធិភាពនោះទេ។
នៅក្នុងកាលៈទេសៈសេដ្ឋកិច្ចកំពុងមានភាពលំបាកបែបនេះ គម្រោងអាជីវកម្មច្បាស់លាស់ យុទ្ធសាស្ដ្រវាយតម្លៃអតិថិជន បញ្ចេញតារាងតម្លៃ ធ្វើការផ្សព្វផ្សាយជាដើម គឺជាប្រការសំខាន់ជាងពេលណាៗទាំងអស់។
ក្រៅពីនេះ អ្នកក៏ត្រូវកំណត់នូវចំណុចពិសេស និងភាពដោយឡែកពីគូប្រជែង នៅក្នុងគម្រោងអាជីវកម្មរបស់ខ្លួន។
អាជីវកម្មច្រើនប្រភេទ

ប្រការខាងលើនេះ អាចនឹងសមស្របលុះណាតែក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកបានដំណើរការដល់ ចំណុចល្អណាមួយ។ រីឯនៅក្នុងពេលចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវកំណត់នូវមុខរបរជាក់លាក់ ដែលអ្នកពិតជាចង់ធ្វើ។
មុខរបរច្រើនក៏ធ្វើអោយអ្នកមានការលំបាកក្នុងការទទួលខុសត្រូវលើការងារច្រើនយ៉ាងដោយខ្លួនឯងផ្ទាល់ផងដែរ។
ឆាប់ទទួលសម្ពាធហិរញ្ញវត្ថុ
ការបង្កើតអាជីវកម្មដោយខ្លួនឯង ទាមទារអោយមានដើមទុនគ្រប់គ្រាន់។ អ្នកត្រូវតែត្រៀមកម្លាំងកាយ និងកម្លាំងចិត្តអោយបានល្អ ព្រោះថា នៅក្នុងការរកស៊ី អ្នកអាចនឹងជួបបញ្ហាជាច្រើន ក្នុងនោះបញ្ហាខ្វះដើមទុន ឬការខាតបង់ទាំងស្រុងគឺជាប្រការគួរអោយខ្លាចក៏ពិតមែន ប៉ុន្ដែ អ្នកមិនត្រូវបង្កើតសម្ពាធដល់ខ្លួនឯង ដោយសារបញ្ហាហិរញ្ញវត្ថុ ឬចុះចាញ់ខណៈពេលដែលអ្នកមិនទាន់បានចាប់ផ្ដើមពិតប្រាកដនោះទេ។
អ្នកអាចស្វែងរកប្រភពទុនពីខាងក្រៅ និងពិចារណាទៅលើវិធីសាស្ដ្រនៃការធ្វើពាណិជ្ជកម្មដែលត្រូវចំណាយទាប ដូចជាធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើរណែតជាដើម។
ផ្ដោតទៅលើតែផលិតផល/សេវាកម្មប៉ុណ្ណោះ
ទន្ទឹមនឹងផលិតផល/សេវាកម្មពិសេស អ្នកត្រូវបង្កើតគម្រោងទីផ្សារមួយ ដែលប្រកបដោយភាពទូលំទូលាយ ដើម្បីទាក់ទាញអតិថិជន ព្រោះថា ពួកគេនឹងមិនមករកអ្នកដោយខ្លួនឯងនោះទេ។ ការជ្រើសរើសមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពគឺជារឿងចាំបាច់។
មិនមានគោលដៅច្បាស់លាស់នៅពេលចាប់ផ្ដើម

ការចាប់ផ្ដើមបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាចនឹងមានភាពងាយស្រួល ដូចជាបង្កើតហាងលក់ទំនិញតាមអ៊ីធើរណែត ឬស្មុគស្មាញជាងនេះនោះ ដូចជាការបង្កើតផលិតផល/សេវាកម្មថ្មី វាទាមទារអោយមានការស្រាវជ្រាវ និងដំណើរការដោយប្រុងប្រយ័ត្ន។
បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកក៏ត្រូវតែធ្វើគម្រោងអោយបានច្បាស់លាស់។
ភ័យខ្លាចពីការបរាជ័យ
នេះ ហែលជាការព្រួយបារម្ភធំបំផុតរបស់អ្នកនៅពេលចាប់ផ្ដើមធ្វើអាជីវកម្ម។ ប៉ុន្ដែអ្នកត្រូវដឹងថា មហាសេដ្ឋីទាំងឡាយដូចជា Henry Ford, Bill Gates, និង Steve Jobs ជាដើម គឺសុទ្ធតែត្រូវឆ្លងកាត់បរាជ័យរាប់មិនអស់នៅមុនពេលពួកគេទទួលបានជោគជ័យ។
ប្រការសំខាន់បំផុត មិនមែនជោគជ័យ ឬបរាជ័យនោះទេ ប៉ុន្ដែ វាជាបទពិសោធ និងការធ្វើអោយក្ដីស្រម័យរបស់ខ្លួនក្លាយជាការពិត និងយកបទពិសោធទាំងនោះមកធ្វើជាមេរៀន៕
ដោយ ៖ សូរីយ៉ា ប្រភព ៖ LD