ក្មេងប្រុសម្នាក់អាយុ ៦ឆ្នាំ ដែលមានមុខមាត់ចម្លែក ត្រូវបានអ្នកភូមិនៅឥណ្ឌា គោរពបូជា ព្រោះជឿថា ក្មេងប្រុសនេះគឺជាការប្រែរូបរបស់ព្រះ Ganesha ក្នុងសាសនាហិណ្ឌូ។

/

ក្មេងប្រុស Pranshu នៅ Jalandhar រដ្ឋ Punjab បានចាប់កំណើតជាមួយនឹងជម្ងឺចម្លែក បណ្ដាលឱ្យថ្ងាសរបស់ក្មេងនេះឡើងធំ ចំណែកភ្នែកបែរជាតូច និងជ្រៅ។ Pranshu មិនអាចដើរធម្មតាដូចក្មេងដទៃ ប៉ុន្តែ អ្នកស្រុកអ្នកភូមិសុទ្ធតែយល់ថា នេះគឺជាក្មេងទេព និងបានហៅក្មេងនេះថា ព្រះ Ganesha។

រៀងរាល់ថ្ងៃព្រហស្បតិ៍ Pranshu នឹងអង្គុយនៅខាងក្រៅវិហារដើម្បីជួបបរិស័ទ។ ឪពុករបស់ក្មេងនេះ មិនចង់ឱ្យអ្នកក្រៅចូលក្នុងផ្ទះ ព្រោះមនុស្សមានចំនួនច្រើន។

/

Jaswinder ជាមនុស្សម្នាក់ដែលបានមកជួប Pranshu បានឱ្យដឹងថា “អ្នកទាំងឡាយបានមកជួប Pranshu ព្រោះពួកគេជឿថា ក្មេងប្រុសនេះគឺជាការប្រែរូបរបស់ព្រះ Ganesha”។

Kamlesh ដែលជាឪពុករបស់ Pranshu ថ្លែងថា “អ្នករាល់គ្នាបានក្រាបថ្វាយបង្គំនៅចំពោះមុខកូនខ្ញុំ ហើយខ្ញុំក៏ដូច្នោះដែរ”។ ឪពុករបស់ Pranshu ជឿថា កូនរបស់ខ្លួន ខុសប្លែកពីក្មេងដទៃ។

/

ឪពុករបស់ Pranshu បន្តថា “Pranshu គឺជាមនុស្សទេព។ ខ្ញុំក៏គោរពដូចអ្នកដទៃ។ រាងកាយរបស់ Pranshu ដូចទៅនឹងព្រះ Ganesha ។ Pranshu ប្រទានពរដល់អ្នករាល់គ្នា ហើយសេចក្ដីប្រាថ្នារបស់អ្នកដែលបានមកជួប Pranshu បានក្លាយជាការពិត។ Pranshu នៅតែទៅសិក្សាដូចធម្មតា ហើយនៅពេលអ្នកស្រុកមកជួប Pranshu ពួកគេប្រើប្រាស់ផ្កាដើម្បីស្វាគមន៍”។

/

Kamlesh ឱ្យដឹងថា ចំនុចដែលដូចទៅនឹងព្រះ Ganesha បានកើតឡើងចំពោះកូនរបស់ខ្លួន ចាប់តាំងពីពេលទើបចាប់កំណើត។ Pranshu មានភ្នែកដូចទៅនឹងព្រះ Ganesha និងមានក្បាលធំខុសពីធម្មតា។ បច្ចុប្បន្ន ក្បាលរបស់ Pranshu កំពុងតែធំឡើងៗ។

/

ពេលមានអាយុបានមួយឆ្នាំ Pranshu ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ គ្រូពេទ្យមិនអាចដឹងបានថា ក្មេងនេះមានចម្ងឺអ្វីនោះទេ។

/

ព្រះ Ganesha ក្នុងសាសនាហិណ្ឌូ

ឪពុករបស់ Pranshu រៀបរាប់ថា “ខ្ញុំក៏បាននាំ Pranshu ទៅកាន់មន្ទីរពេទ្យ កាលពីទើបកើត ប៉ុន្តែ គ្រូពេទ្យមិនអាចព្យាបាលបាន ហើយថានេះគឺដោយសារបរិស្ថានមិនល្អ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail