ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងថ្ងៃពុធ ម្សិលមិញនេះ បើតាមរបាយការណ៍អោយដឹងថាមនុស្សដែលបានស្លាប់កើនឡើងដល់ ១៧ នាក់ហើយ នៅក្នុងប្រទេសឥណ្ឌា នៅពេលដែលឧទ្ធម្ភាគចក្រសង្គ្រោះ ក្រុមមនុស្សរងគ្រោះព្រោះទឹកជំនន់មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុធ្លាក់ និង ផ្ទុះឆេះ កាលពីថ្ងៃអង្គារកន្លងទៅនេះនេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។
មនុស្ស ១៥ នាក់នៅតែបន្តការបាត់ខ្លួន នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន។ឧទ្ធម្ភាគចក្រសង្គ្រោះ មួយគ្រឿងនេះ បានជួបឧបទ្ទេវហេតុធ្លាក់ចុះ ក្នុងដំណើរវិលត្រលប់មកផ្ទះវិញ បន្ទាប់ពីបានចេញយុទ្ធនាការជួយសង្គ្រោះ និងបញ្ជូនជនរងគ្រោះទៅកាន់ទីទួលមានសុវត្ថិភាព បានជាង ២០០០ នាក់ ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុផ្ទុះឆេះ ធ្លាក់ឧទ្ធម្ភាគចក្រសង្គ្រោះនេះ បានកើតឡើងនៅក្នុងតំបន់ Gaurikund រដ្ឋ Uttarakhand ភាគខាងជើង ប្រទេសឥណ្ឌា ។ គួររំឭកផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌាពិតជាទទួលរងឥទ្ធិពលដ៏អាក្រក់យ៉ាងខ្លាំង ដែលស្ទើរតែមិនធ្លាប់បានជួបកាលពីពេលកន្លងទៅនោះគឺ មនុស្សច្រើនជាង ៥ ពាន់បានស្លាប់បាត់បង់ជីវិត ខណៈបានជួបនូវគ្រោះទឹកជំនន់ដ៏កាចសាហាវ ស្របពេលដែលក្រុមមនុស្សមួយចំនួន បានជាប់គាំងនៅលើទីទួលមានសុវត្ថិភាព មិនត្រឹមតែប៉ុណ្ណោះ ក៏មានការរអិលបាក់ដីផងដែរ។
នាយករដ្ឋមន្រ្តី នៃប្រទេសឥណ្ឌា លោក Manmohan Singh បានចេញសេចក្កីថ្លែងការណ៍អោយដឹងថា ៖ លោកពិតជាមាន ការតក់ស្លុតជាខ្លាំង នៅពេលដែលបានដឹងឭព័ត៌មានមួយនេះ។ ប្រជាជាតិ រួមទាំងខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ និងកាន់ទុក្ខ ដល់ក្រុមមនុស្ស ដែលបានស្លាប់បាត់បង់ជីវិត ជាពិសេសឧទ្ទិសដល់ វីរៈបុរសក្លាហានរបស់យើង ដែលបានប្រឹងប្រែង អោយអស់ពីលទ្ធភាព ក្នុងការជួយមនុស្សរាប់ពាន់នាក់ ពីគ្រោះដ៏អាក្រក់មួយនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN