ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សូមជំរាបជូនដឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវអ្នកឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមេត្តាជ្រាបថា៖ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ០៨: ០០ ព្រឹក នៅសួនច្បារមុខវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សាលារាជធានីភ្នំពេញ នឹងធ្វើពិធីសម្ពោធឆ្លងរូបសំណាក តេជោមាស តេជោយ៉ត ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីរំលឹកដល់គំរូវីរភាពនៃមេទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ ហើយបានតស៊ូយ៉ាងមោះមុតបង្រ្កាបសត្រូវឈ្លានពាន ការពារទឹកដី ការពារជាតិមាតុភូមិដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងចងចាំ។ នៅក្នុងឱកាសនេះ ក៏មានពិធីរាប់បាតព្រះសង្ឈចំនួន ៦៩អង្គ ហើយនៅវេលាម៉ោង ១៩: ០០ យប់ នឹងមានពិធីបាញ់កំាជ្រួច ដើម្បីអបអរសាទរផងដែរ។
អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអញ្ជើញទៅចូលរួមក្នុងពិធីខាងលើឱ្យបានច្រើនកុះករ៕

ដោយ៖ វណ្ណៈប្រភព៖ សេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញ