ព័ត៌មានជាតិ ៖ ព្រះរាជវាំងបានបើកទ្វារទទួលមហាជន ទូទៅអោយចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឳហើយបន្ទាប់ពីព្រះរាជពិធី កាន់ទុក្ខរយៈពេល៧ថ្ងៃបានបញ្ចប់ទៅ។ ប៉ុន្តែ ដើម្បីអាចចូលគោរពព្រះបរមសពរបស់ព្រះបាទនរោត្តម សីហនុដោយផ្ទាល់នៅក្នុងព្រះបរមរាជវាំងបានគេត្រូវដាក់ពាក្យសុំជាមុន ពោលគឺ មហាជនមិនអាចចូលបានដោយសេរីនោះទេ។ និតីវិធីនេះធ្វើអោយប្រជាពលរដ្ឋមួយចំនួនខកចិត្តពីព្រោះតែពួកគេ យល់ថា មានលក្ខណៈស្មុគស្មាញពេក ។ យ៉ាងណាក៏ដោយ បញ្ហាសណ្តាប់ធ្នាប់និងសន្តិសុខ ត្រូវបានគេលើកយកសំអាងដើម្បីពន្យល់ តបនឹងកង្វល់នេះ។

ក្រោយពីការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបាទនរោត្តម សីហនុ នៅក្រៅព្រះបរមរាជវាំងអស់មួយសប្តាហ៍កន្លងមក ប្រជាពលរដ្ឋទូទៅអាចត្រូវបានអនុញ្ញាតឲ្យចូលគោរពព្រះវិញ្ញាក្ខន្ធ របស់អង្គសម្តេចឪដោយផ្ទាល់នៅក្នុងព្រះបរមរាជវាំង។ ក៏ប៉ុន្តែពួកគេមិនអាចចូលដោយសេរីទេគឺត្រូវដាក់ពាក្យសុំជាមុនសិន បើតាមព្រះអង្គម្ចាស់មួយអង្គដែលសុំមិនបញ្ចេញព្រះនាម ការដែលមិនបើកចំហសំរាប់មនុស្សទូទៅបែបនេះ គឺដោយសារ តែមានអ្នកសុំចូលគោរពព្រះបរមសពរបស់អង្គសម្តេចឪច្រើនពេក មានទាំងមន្ត្រីក្នុងស្រុក ក្រៅស្រុក និង មិត្តបរទេសផង។
នៅថ្ងៃនេះ វិទ្យុបារាំងអន្តរជាតិមិនអាចសុំការអត្ថាធិប្បាយពីលោក ញឹកប៊ុន ឆៃ ដែលជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព របស់ព្រះមហាវីរក្សត្រ ស្តីពីការចូលគោរពព្រះវិញ្ញាណក្ខន្ធនោះបានទេ ។ ក៏ប៉ុន្តែ លោកបានមានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកមួយថា អ្នកដែលចង់ចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាវីរក្សត្រ ត្រូវដាក់ពាក្យ និងត្រូវប្រាប់ពីចំនួនមនុស្ស និងអាសយដ្ឋាន ដើម្បីគណៈកម្មាធិការអាចកំនត់ថ្ងៃជូនពួកគាត់បាន ។

នីតិវិធីនេះបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលគោរពស្រលាញ់ព្រះបិតា ឯករាជ្យជាតិមានការខកចិត្ត ដោយពួកគាត់យល់ឃើញថា គ្រាន់តែទៅគោរពព្រះបរមសពសម្តេចឪសោះ ហេតុអ្វីក៏មាននីតិវិធីស្មុគស្មាញម្ល៉េះ។ ជាងនេះអ្នកខ្លះក៏បានលើកឡើងថាពួកគាត់មិនដឹងដាក់ពាក្យស្នើសុំយ៉ាងម៉េច ហើយបើបានដាក់ពាក្យហើយ តើពួកគាត់ទទួលចម្លើយតាមរបៀបណា និងនៅពេលណានោះទេ។
ព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានយាងសោយទិវង្គតកាលពីថ្ងៃទី១៥ តុលា នៅមន្ទីរពេទ្យក្រុងប៉េកាំងប្រទេសចិន។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែមកដល់ កម្ពុជា កាលពីថ្ងៃ១៧តុលា។ រដ្ឋាភិបាលបានចេញសារាចរណ៍ឲ្យកាន់ទុក្ខព្រះបរមសពរបស់ព្រះអង្គ រយៈពេល៧ថ្ងៃ។ ទើបតែថ្ងៃម្សិលមិញនេះទេ ដែលគណៈកម្មាធិការជាតិ រៀបចំព្រះរាជពិធីបុណ្យ ព្រះបរមសពសម្តេចឪទទួល ពាក្យចូលគោរពព្រះបរមសពដោយផ្ទាល់ពីសំណាក់មហាជនទូទៅ។
គួររំឭកផងដែរថា នៅអំឡុងនៃការគោរពព្រះវិញ្ញាណក្ខន្ធព្រះបិតាឯករាជ្យជាតិមួយសប្តាហ៍កន្លងទៅ បើតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណ ២៣៣ នាក់ បានដួលសន្លប់ និងត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដោយសារតែមានមនុស្សច្រើនពេក៕
ដោយ ៖ មង្គលប្រភព ៖ khmer.rfi