ការបំបៅដោះកូនដោយទឹកដោះម្ដាយ ត្រូវបានមនុស្សជឿថា មានគុណប្រយោជន៍បង្កើតបានជាផ្នែកមួយដ៏សំខាន់បំផុត នៃរបបអាហារប្រចាំថ្ងៃរបស់ទារក។ ក្រៅពីនេះ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពម្ដាយ ដោយការកម្ចាត់ចោលស្រ្ដេស និងលើកកម្ពស់ការសម្រាកសម្រាន្ដឱ្យបានល្អប្រសើរ។

/

ការពារកុមារពីជំងឺផ្សេងៗ៖ មានការសិក្សាស្រាវជ្រាវជាច្រើន ដែលបង្ហាញថា ជំងឺមួយចំនួនដូចជាវីរុសក្នុងក្រពះ ជំងឺខ្សោយប្រព័ន្ធដង្ហើម ជំងឺត្រចៀក និងជំងឺ និងរោគរលាកស្រោមខួរមិនសូវកើតមានចំពោះទារក ដែលត្រូវបានបំបៅដោះ ដោយទឹកដោះម្ដាយ ប៉ុន្ដែទោះកើត ក៏កើតមានក្នុងកម្រិតតិចតួចដែរ។ ការបំបៅដោះកូនដោយទឹកដោះម្ដាយ នៅពេលត្រូវបានអនុវត្ដខ្ជាប់ខ្ជួននៅ ៦ខែដំបូង នៃជីវិតរបស់ទារក វាផ្ដល់នូវការបង្ការប្រឆាំងនឹងជំងឺផ្សេងៗ ដែលអាចកើតឡើងនៅដំណាក់កាលបន្តបន្ទាប់នៃជីវិតដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ ការកើនឡើងកម្រិតកូឡេស្ដេរ៉ូលខ្ពស់ និងជំងឺពោះវៀនជាដើម។

/

ការពារកុមារពីអាលែក្ស៊ីផ្សេងៗ៖  ទារក ដែលត្រូវបានបំបៅដោយទឹកដោះម្សៅ ដែលត្រូវបានផលិតឡើងដោយទឹកដោះគោ ឬសណ្ដែកសៀងទំនងជាមានប្រតិកម្មអាលែក្ស៊ីច្រើនជាងទារក ដែលត្រូវបានបំបៅដោយទឹកដោះម្ដាយ។ ក្រុមអ្នកវិទ្យាសាស្រ្ដជឿជាក់ថា កត្ដាបង្ការដូចជា secretary IgA នេះការពារនូវប្រតិកម្មអាលែក្ស៊ីចំពោះអាហារ ដោយផ្ដល់នូ​វស្រទាប់ការពារចំពោះបំពង់ពោះវៀនរបស់ទារក។ នៅពេល ដែលស្រទាប់ការពារនេះបាត់បង់ អាការៈរលាកអាចកើតឡើង ហើយផ្ទាំងពោះវៀនអាចធ្លាយ។

/

កាត់បន្ថយកម្រិតស្រ្ដេសរបស់ម្ដាយ៖  របាយការណ៍សិក្សាស្រាវជ្រាវជាង ៩០០០ករណី ដែលត្រូវបង្ហាញដោយ វិទ្យាស្ថានជាតិសុខាភិបាលបានឱ្យដឹងថា ក្រោយការបង្ហាញគេបានសន្និដ្ឋានថា ម្ដាយដែលមិនបានបំបៅដោះកូនដោយទឹកដោះម្ដាយ និងម្ដាយ ដែលបញ្ឈប់ការបំបៅដោះកូនដោយទឹកដោះម្ដាយឆាប់ពេកមានការប្រឈមខ្ពស់នឹងការធ្លាក់ទឹកចិត្ដក្រោយការសម្រាលកូន(Postpartum depression)។ ស្រ្ដីភាគច្រើនមានអារម្មណ៍ថាសម្រាកសម្រាន្ដបានស្រួលខ្លួននៅអំឡុងពេលបំបៅដោះកូនដោយទឹកដោះម្ដាយ។ ការសម្រាកសម្រាន្ដបានស្រួលខ្លួននេះកើតឡើងបាន ដោយសារការបំបៅដោះកូនដោយទឹកដោះម្ដាយបញ្ចេញនូវអ័កម៉ូន Oxytocin ដែលត្រូវបានគេស្គាល់ថា វាមានប្រសិទ្ធភាពជួយឱ្យមានអារម្មណ៍សម្រាកសម្រាន្ដ និងទទួលបានការថែទាំ។

/

កាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីក៖ មានការសិក្សាស្រាវជ្រាមួយចំនួន ដែលបង្ហាញថា ស្រ្ដីជាម្ដាយបំបៅដោះកូនដោយទឹកដោះម្ដាយបានកាន់តែយូរ ពួកគេក៏កាន់តែមានសមត្ថភាពការពារប្រឆាំងនឹងជំងឺរីកដោះ និងជំងឺមហារីកអូវែដែរ។ ដើម្បីបង្ការជំងឺមហារីក ការបំបៅដោះកូនដោយទឹកដោះម្ដាយយ៉ាងតិចឱ្យបានមួយឆ្នាំ អាចបង្ហាញឱ្យឃើញលទ្ធផលប្រកបដោយប្រសិទ្ធភាពបំផុត៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth