ភ្នំពេញ៖ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏កាចសាហាវមួយ បានកើតឡើងលើរូបលោក ខេមរៈ សិរីមន្តនិងកូនប្រុសរបស់តារាកំប្លែង នាយ កុយ និងលោកយាយ ណាង រួចមកពេលនេះតុលាការសាលាដំបូងខេត្តព្រះសីហនុ សម្រេចបើកសវនការជំនុំជំរះ នៅព្រឹកថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៣ នេះ ដើម្បីស្វែងរកភាពយុត្តិធម៌ជួនជនរងគ្រោះ ដែលបានបាត់បង់ជីវិត អស់ជាច្រើននាក់ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ។
បើតាមពាក្យសម្តី របស់លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើត របស់លោក ខេមរៈ សិរីមន្តបានប្រាប់គេហទំព័រ LookingTODAY នៅថ្ងៃទី ១១ កក្កដានេះថា រឿងក្តីគ្រោះថ្នាក់ចរា-ចរណ៍នេះ ពិតជាត្រូវបើកសវនការនៅថ្ងៃទី ១៥ កក្កដានេះមែន។ លោកបានបន្តទៀតថា រយៈកាលកន្លងមកនេះ ក្រុមហ៊ុនដឹកជញ្ជូន SK នេះ មិនដែលយកចិត្តទុកដាក់ មកលើជនរង គ្រោះនោះទេ ព្រោះខាងក្រុមហ៊ុនអាងតែមានសេវាធានារ៉ាប់រង។ យ៉ាងណាមិញ ចំពោះការបើកសវនការកាត់ក្តីលើកនេះ លោក ខេមរៈ ភារុណ សង្ឃឹមយ៉ាងមុតមាំ ថា តុលាការ នឹងផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធមនោះ ។
លោក ខេមរៈ ភារុណ បានបន្ថែមថា ចំពោះសំណងវិញ លោកមិនទាន់ច្បាស់ថា តុលាការសម្រេចយ៉ាងណានោះទេ គឺអាស្រ័យទៅលើច្បាប់ជាអ្នកចាត់ការ ព្រោះករណីនេះ ខាងតុលាការបានស៊ើបអង្កេតរួចរាល់ហើយថា អ្នកណាខុស អ្នកណាត្រូវ។ ក្នុងនោះលោក បានបញ្ជក់ពីព័ត៌មាន ដែលថា លោក ខេមរៈសិរីមន្ត មានខ្នងអ្នកធំ ជួយពីក្រោយដើម្បីប្តឹងក្រុមហ៊ុន SK នោះ ថាមិនមែនជារឿងពិតនោះទេ លោកមិនប្រើខ្នងមកដោះស្រាយនោះទេ។ ខុសត្រូវយ៉ាងណាទុក ឲ្យតុលាការជាអ្នកសម្រេចតាមភាពជាក់ស្តែង។
នៅព្រឹកថ្ងៃ ទី ១៥ កក្កដា ខាងមុននេះ គឺជាការបើកសវនការលើកដំបូងហើយ បន្ទាប់ពីគ្រោះថ្នាក់ចរចរណ៍នេះកើតឡើងអស់រយៈ ៤ខែមកហើយ ។ ជនរងគ្រោះទាំងអស់ ត្រូវមានវត្តមានក្នុងសវនា-ការនៅឯសាលាដំបូងខេត្តព្រះសីហនុ។
គួររំឮកផងដែរថា អស់រយៈកាលជាយូរមកហើយ ដែលគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយនេះ បានកើតឡើង ប៉ុន្តែគេមិនបានឃើញក្រុមហ៊ុនដឹកជញ្ជូន SK ដែលបានបង្កនូវសោកនាដកម្មដ៏ធំនេះ ចូលខ្លួនមកដោះ ស្រាយតាមការទទូចរបស់ជនរងគ្រោះ នោះទេ៕


ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល