ពាក្យថាមហារីក គឺជាពាក្យ ដែលគួរឱ្យខ្លាចក្រៃលែង ប៉ុន្ដែទិដ្ឋភាពជាក់ស្ដែងវារឹតតែគួរឱ្យខ្លាចជាងនេះទៅទៀត ប្រសិនបើអ្នក ឬមនុស្សេជាទីស្រឡាញ់ណាម្នាក់ ធ្វើរោគវិនិច្ឆ័យទៅឃើញថា មាននូវជំងឺមហារីកនេះ។ ប៉ុន្ដែតាមការពិត ជំងឺមហារីកភាគច្រើនអាចការពារបានតាមរយៈការផ្លាស់ប្ដូរទម្ងាប់រស់នៅក្នុងជីវិត ការរកឃើញ និងការព្យាបាលទាន់ពេលវេលា ។ ទម្លាប់រស់នៅរួមមានដូចជា របបអាហារល្អចំពោះសុខភាព ការហាត់ប្រាណ ការគេងឱ្យគ្រប់គ្រាន់ និងចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយត្រូវចងចាំថា ជម្រើសនៃរបៀបរស់នៅប្រចាំថ្ងៃ ដែលអ្នកបង្កើត មិនថាវាតូចតាចប៉ុនណានោះទេ ក៏វាអាចធ្វើឱ្យមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងជីវិតរបស់អ្នកដែរ។ មិនតែប៉ុណ្ណោះ ការយឺតយ៉ាវក្នុងការព្យាបាល អាចធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ ឬជាលទ្ធផលអាចធ្វើឱ្យអ្នកជំងឺស្លាប់ដោយសារជំងឺមហារីកនេះទៀតផង។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលមានគុណប្រយោជន៍កាត់​បន្ថយហានិភ័យ នៃជំងឺមហារីក៖

 

១. ពិសាអាហារល្អចំពោះសុខភាព៖ អាហារដែលអ្នកទទួលទានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសុខុមាលភាពរាងកាយរបស់អ្នក។ ហានិភ័យជំងឺមហារីកនៃមនុស្សម្នាក់ អាចត្រូវបានកាត់បន្ថយ ដោយការទទួលទានរបបអាហារ ដែលសម្បូរទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្ដែក។ សូមគ្រប់គ្រងការស្រូបយកជាតិខ្លាញ់របស់អ្នក ជាពិសេសជាតិខ្លាញ់ពីប្រភេទអាហារសាច់សត្វ ហើយលើសពីនេះទៀត អ្នក ដែលមិនពិសាបន្លែគួរតែកំណត់ការទទួលទានប្រភេទសាច់សត្វពណ៌ក្រហម ឱ្យបានសមស្រប។ ម្យ៉ាងទៀត ប្រភេទអាហារប្រៃ និងអាហារច្នៃដោយដាក់អំបិល គួរតែទទួលទានក្នុងបរិមាណសមល្មម។

 

២. ចៀសវាងការប្រើប្រាស់ថ្នាំជក់៖ ថ្នាំជក់មិនថាក្នុងទម្រង់ណាក៏ដោយ សុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពទាំងអស់។ បរិមាណណាមួយនៃថ្នាំជក់ និងផលិតផលរបស់វា ដែលអ្នកប្រើប្រាស់បង្កើនហានិភ័យ នៃការវិវត្ដន៍ជំងឺមហារីក។ ស្របពេលការជក់បារីមានទំនាក់ទំនងចំពោះការកើតជំងឺមហារីកសួត ផ្លោកនោម កស្បូន និងតម្រងនោម ការចុកថ្នាំជក់ក៏បង្កឱ្យកើតជំងឺមហារីកមាត់ និងមហារីកលំពែងផងដែរ។

/

៣. កំណត់ការពិសាគ្រឿងស្រវឹង៖ ប្រសិនបើអ្នកពិសាគ្រឿងស្រវឹង សូមកំណត់ការពិសាឱ្យស្ថិតនៅក្នុងកម្រិតមួយសមល្មម។ ការសិក្សាស្រាវបានណែនាំថា គ្រឿងស្រវឹងពីរកែវសម្រាប់បុរស និងមួយកែវសម្រាប់ស្រ្ដីក្នុងមួយថ្ងៃគួរតែកម្រិតសមល្មមហើយ។ ម្យ៉ាងទៀត ការសិក្សាស្រាវជ្រាវថ្មីមួយ បានអះអាងថា ការពិសាស្រាទំពាំងបាយជូរមួយកែវតូចក្នុងមួយថ្ងៃ អាចផ្ដល់ឱ្យអ្នកនូវឱកាសដ៏ប្រសើរ នៃការចៀសផុតពីអាការៈចង្វាក់បេះដូងដើរមិនប្រក្រតី ជាងមនុស្ស ដែលមិនពិសាវាតែម្ដង។

/

៤. ការហាត់ប្រាណ៖ ការធ្វើឱ្យរាងកាយសកម្មក្នុងរយៈពេល ៣០នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺមហារីករបស់អ្នក។ ការហាត់ប្រាណរាល់ថ្ងៃ នឹងអាចជួយរក្សាទម្ងន់រាងកាយឱ្យប្រសើរ ដែលអាចបញ្ចុះគ្រោះថ្នាក់ នៃការវិវត្ដន៍ជំងឺមហារីកប្រភេទមួយចំនួនដូចជា ជំងឺមហារីកដោះ មហារីកពោះវៀនធំ មហារីកសួត មហារីកក្រពេញប្រូស្តាត និងមហារីកតម្រងនោម។

/

៥. ការថែទាំវេជ្ជសាស្រ្ដជាប្រចាំ៖  ការទទួលការថែទាំវេជ្ជសាស្រ្ដជាប្រចាំ អាចកាត់បន្ថយគ្រោះថ្នាក់ នៃការវិវឌ្ឍន៍ជំងឺមហារីករបស់អ្នក។ ការសិក្សាស្រាវជ្រាវបង្ហាញថា ការឆ្លុះរកមើលមហារីកដោះ មហារីកកស្បូន និងមហារីកពោះវៀនធំ អាចជួយព្យាបាលវា មុនពេលវាក្លាយជាកោសិកាមហារីក។ ម្យ៉ាងទៀតការចាក់វ៉ាក់សាំងបង្កាជំងឺ HPV និងជំងឺថ្លើមប្រភេទបេ ក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺមហារីកដែរ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth