ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៧៥នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីការផ្ទុះឆេះរោងចក្រគីមីមួយកន្លែង ក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រមានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
ក្រុមអាជ្ញាធរពាក់ព័ន្ធ បានស្នើអោយប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់កើតហេតុ កុំចាកចេញពីគេហដ្ឋាន ដើម្បីជាការជៀសវាងការបំពុល បន្ទាប់ពីមានការផ្ទុះរោងចក្រគីមីមួយនេះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតផងដែរ ដោយគាត់មានឈ្មោះ Zachary Green វ័យ ២៩ ឆ្នាំ។យ៉ាងណាមិញ បើយោងតាមសម្តី លោកស្រី Christina Stephens អ្នកនាំពាក្យ មកពីការិយាល័យសុខាភិបាល ប្រចាំរដ្ឋ Louisiana អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៧៥ នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទេវហេតុផ្ទុះឆេះ រោងចក្រគីមីមួយនេះ។
គួររំឭកផងដែរថា បើយោងតាមសេចក្តីរាយការណ៍ពីមន្ទីរពេទ្យ ក៏បានអះអាងអោយដឹងផងដែរថា ក្នុងចំណោមជនរងគ្រោះទាំង ៧៥ នាក់នោះ ៣ នាក់ ពិតជាទទួលរងរបួសធ្ងន់ធ្ងរមែនទែន តែពុំមានការគំរាមគំហែង ដល់អាយុជីវិតនោះទេ ។ ផ្ទុយទៅវិញ មូលហេតុដែលបានបណ្តាលអោយមានការផ្ទុះឆេះរោងចក្រគីមីមួយនេះ មិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលស្ថិត នៅក្រោមការតាមដានស៊ើបអង្កេត របស់ក្រុមមន្រ្តីជំនាញនៅឡើយ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN