សមត្ថកិច្ចនគរបាលកម្ពុជា កំពុងស្នើសុំគោលការណ៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការបញ្ជូនជនជាតិជប៉ុនម្នាក់ទៅប្រទេសដើមវិញ បន្ទាប់ពីមានការស្នើសុំពីស្ថានទូតជប៉ុន ប្រចាំនៅរាជធានីភ្នំពេញឲ្យចាប់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមបទចោទប្រកាន់ថា លួចចូលលំនៅដ្ឋានខុសច្បាប់ ប្លន់ និងបង្ករបួសស្នាម កាលពីដើមឆ្នាំ២០១១នៅប្រទេសជប៉ុន

ឧត្តមសេនីយ៍ទោ នួន ញក់ ប្រធាននាយកដ្ឋានប្រឆាំងភេវរកម្មបានឲ្យដឹងថា ជនជាតិជប៉ុនម្នាក់ដែលត្រូវបានចាប់ឃាត់ខ្លួននោះឈ្មោះ NISHIZAWA KENJI ភេទប្រុស អាយុ៤៤ឆ្នាំកាន់ លិខិតឆ្លងដែនលេខ TK3489185 ដែលក្រសួងការបរទេសជប៉ុនលប់សុពលភាពចោលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ ។ ការឃាត់ខ្លួននេះធ្វើបន្ទាប់ពីមានការស្នើសុំពីស្ថានទូតជប៉ុន ប្រចាំនៅរាជធានីភ្នំពេញឲ្យចាប់ខ្លួនជនសង្ស័យខាងលើនេះបន្ទាប់ពី ជននេះប្រព្រឹត្តិបទល្មើស លួចចូលលំនៅដ្ឋានខុសច្បាប់ ប្លន់ និងបង្ករបួសស្នាម កាលពីដើមឆ្នាំ២០១១នៅប្រទេសជប៉ុនកន្លងទៅនេះ ។
គួរបញ្ជាក់ថាលោក NISHIZAWA KENJI បានចូលមកប្រទេសកម្ពុជាចុងក្រោយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ តាមច្រកទ្វាអន្តរជាតិបាវិត ខេត្តស្វាយរៀង និងបានចាប់ឃាត់ខ្លួននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ នៅផ្ទះលេខ១៣០ ផ្លូវ៧មករា ក្រុមទី១០ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងដែរថា ជនជាតិជប៉ុនរូបនេះកំពុងឃុំខ្លួននៅនាយកដ្ឋានអន្តោរប្រវេសន៍ និងកំពុងរង់ចាំគោការណ៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីបញ្ជូន ត្រឡប់ទៅប្រទេសជប៉ុនវិញ ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ PL