កងទ័ពអាមេរិកនឹងចំណាយប្រាក់ ១ពាន់លានដុល្លារដើម្បីបំពាក់ផ្កាយរណបពាណិជ្ជកម្មទៅក្នុងប្រព័ន្ធទំនាក់ទំនងយោធា ដែលមានលទ្ធភាពត្រួតពិនិត្យ និងតាមដានឧបករណ៍បច្ចេកវិទ្យារបស់សត្រូវ។
ទំព័រ Washington Post របស់អាមេរិកបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ កងទ័ពអាមេរិកនឹងចំណាយ ១ពាន់លានដុល្លារដើម្បីបំពាក់ផ្កាយរណបពាណិជ្ជកម្មទៅក្នុងប្រព័ន្ធទំនាក់ទំនងយោធា ដែលមានលទ្ធភាពក្នុងការតាមដានឧបករណ៍បច្ចេកវិទ្យារបស់បណ្ដាប្រទេសនៅទូទាំងពិភពលោក។
ដូច្នេះប្រព័ន្ធផ្កាយរណបពាណិជ្ចកម្មរបស់អាមេរិកនឹងក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធប្រយុទ្ធរបស់កងទ័ពអាមេរិក។ នៅក្នុងខែកញ្ញាខាងមុខ អាមេរិកនឹងអញ្ជើញបណ្ដាក្រុមហ៊ុនទាក់ទងមកដេញថ្លៃគម្រោងនេះ។ បច្ចុប្បន្ន មានក្រុមហ៊ុនផលិតផ្កាយរណបជាច្រើនកំពុងចាប់អារម្មណ៍ក្នុងនោះក្រុមហ៊ុន Boeing និងក្រុមហ៊ុន Loral Space ត្រូវបានគេមើលឃើញថាជាគូប្រជែងខ្លាំងជាងគេដែលកំពុងដណ្ដើមគ្នាអនុវត្តគម្រោងដ៏ធំនេះ។
ផ្កាយរណបថ្មីបំផុតដែលនឹងត្រូវប្រើប្រាស់ដោយកងទ័ពអាមេរិកនេះ នឹងមានតួនាទីក្នុងការតាមដានការបាញ់បង្ហោះកាំជ្រួចនានា បូករួមទាំងផ្ទាំងបំណែករបស់កាំជ្រួច។ ទន្ទឹមនឹងនេះ វាក៏នឹងមានលទ្ធភាពក្នុងការតាមដានកងកម្លាំងប្រដាប់អាវុធនៅលើដីផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD