វាប្រាកដណាស់ថា មិត្តអ្នកអានទាំងឡាយ នៅពេលនេះពិតជាចង់ដឹងចង់ឃើញថាតើរូបរាងរបស់ Galaxy S8 វានឹងជាយ៉ាងណា។ ថ្មីៗនេះ ប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងអំពីប្រការនេះ។

យោងតាមទំព័រ Androidauthority ដកស្រង់ពី Bloomberg ឱ្យដឹងថា Galaxy S8 នឹងមានគែមអេក្រង់មហាស្ដើង ដូចទៅនឹង Xiaomi Mi MIX ជាមួយនឹងអេក្រង់លើសពី ៩០%។
ប្រភពព័ត៌មានបានអះអាងថា Galaxy S8 នឹងមានគែមកោង។ ក្រៅពីនេះ សេនសឺរស្កេនក្រយៅដៃក៏ត្រូវបានបំពាក់នៅក្រោមអេក្រង់ ហើយ ប៊ូតុង Home នឹងត្រូវបានបំបាត់។

Samsung Galaxy S8 នឹងមានគែមកោងមហាស្ដើង
មុននេះ Samsung ត្រូវបានគេជឿថានឹងបញ្ចេញ Galaxy S8 ក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែ ក្រុមហ៊ុននេះ បានពន្យាពេលដើម្បីត្រួតពិនិត្យឱ្យបានច្បាស់ មុននឹងចេញលក់ ព្រោះថា Galaxy Note7 គឺជាបទពិសោធដ៏ជូរចត់។
ប៉ុន្តែ មកដល់ពេលនេះ មានការខុសប្លែកគ្នាមួយ នោះគឺថា ប្រភពព័ត៌មានពី Bloomberg បានអះអាងថា Galaxy S8 នឹងនៅតែមានអេក្រង់ទំហំ 5.1 និង 5.5 inch ដូចទៅនឹង Galaxy S7 និងGalaxy S7 Edge ។ ព័ត៌មាននេះ ខុសពីដំណឹងមុនៗដែលនិយាយថា Galaxy S8 នឹងមានអេក្រង់5.7 inch និង 6.2 inch។

ស្មាតហ្វូនចិន Xiaomi Mi MIX
ក្រៅពីនេះ ប្រភពព័ត៌មានក៏បានបង្ហើបឱ្យដឹងថា ស្មាតហ្វូននេះនឹងមិនមានកាមេរ៉ាភ្លោះ ព្រោះតែតម្លៃផលិតខ្ពស់។ តាមគម្រោង Galaxy S8 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលនឹងត្រូវបានរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៧ ។ សូមរង់ចាំតាមដានទាំងអស់គ្នា។
ប្រែសម្រួល ៖ តារាប្រភព ៖ TGDD/ Androidauthority