មៀនគឺជាផ្លែឈើមួយប្រភេទ ដែលសាច់របស់វាសំបូរទៅដោយជាតិទឹក មានរសជាតិផ្អែមស្អិត។គេអាចបរិភោគវាស្រស់ៗ ឬផលិតជាបង្អែមកំប៉ុង ឬយកទៅហាលឲ្យស្ងួត ធ្វើជាមៀនក្រៀម ដើម្បីទុកឲ្យបានយូរក៏បាន។ មៀននៅពេលហាលស្ងួត ធ្វើឲ្យបាត់ជាតទឹកអស់ ហើយនៅសល់តែជាតិស្ករផ្អែម ធ្វើឲ្យមេរោគ មិនអាចរីករាលដាលបានឡើយ ហើយរសជាតិនៅតែដូចដើម។
នៅក្នុងសាច់មៀនមានសារធាតុអាហារផ្សេងៗជាច្រើន ដូចជាស្ករគ្លុយកូសស៊ូកូស វីតាមីន A,B។ ក្រៅពីនេះ វាមានប្រូតេអ៊ីនក្នុងបរិមាណយ៉ាងច្រើន មានខ្លាញ់ និងអំបិលរ៉ែជាច្រើប្រភេទ។ នៅក្នុងក្បួនវេជ្ជសាស្រ្តបុរាណចិន គេប្រើប្រាស់មៀនក្រៀម ជាឱសថជំនួយបេះដូង ជំនួយឈាម ជំនួយខួរក្បាល ជួយរំលាយអាហារ ហើយត្រូវបានគេស្គាល់ច្បាស់ថា អាហារប៉ូវដ៏ល្អមួយប្រភេទ។
មៀនជាផ្លែឈើមានរស់ជាផ្អែមុតក្តៅ និងមានគុណសម្បត្តិ ជាឱសថប៉ូវសុខភាពជាច្រើនផ្នែក។ ដូច្នេះវាសមស្របសម្រាប់បុគ្គល ដែលមានរាងកាយទន់ខ្សោយ ជាពិសេសស្រ្តី ដែលទើបតែឆ្លងទន្លេរួច ឬអ្នកជំងឺដែលទើបងើបពីឈឺ ដោយគេនិយមយកវា ទៅស្ងោរសាបជាមួយស៊ុតមាន់ ឲ្យស្រ្តីឆ្លងទន្លេថ្មីៗបរិភោគ ព្រោះវាមានប្រសឹទ្ធភាព ក្នុងការជួយប៉ូវកំលាំង ប៉ូវឈាមយ៉ាងល្អ។
ក្រៅពីនេះ វាជាថ្នាំជំនួយសរសៃប្រសាទ ជំនួយការចងចាំ ប្រើសម្រាប់អ្នកមានចិត្តច្របូកច្របល់ ខ្វល់ខ្វាយ ច្រាស់ច្រាល និងបែកញើសខ្លាំង។ តែដោយសារតែវាមានរសជាត់ផ្អែម និងក្តៅ ដូច្នេះអ្នកនឹងមាន អាការក្តៅឈឺក្នុងក មានស្លេស្មពណ៌លឿង ទល់លាមក ដោយអ្នកមិនគួរទទួលទានច្រើនពេកឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង