កាលពីថ្ងៃទី ២កញ្ញា គេហទំព័រសារព័ត៌មានបច្ចេកវិទ្យាពិភពលោកនានា បាននាំគ្នាចេញផ្សាយអំពីក្រុមហ៊ុន Samsung ប្រកាសប្រមូលមកវិញនូវ Galaxy Note 7 ទូទាំងពិភពលោក។ មូលហេតុគឺបណ្ដាលមកពីមានករណីថ្មក្ដៅហួសកម្រិត ហើយមានខ្លះត្រូវផ្ទុះឆេះផងដែរ។

Galaxy Note 7 មួយគ្រឿងដែលបានផ្ទុះឆេះ
បច្ចុប្បន្ន Samsung ផ្អាកលក់ Galaxy Note 7 នៅទូទាំងពិភពលោក។ ក្រោយពីកំណត់បានអំពីប្រភពផ្គត់ផ្គង់ថ្មណាមួយដែលមានបញ្ហា ក្រុមហ៊ុននឹងធ្វើការជួសជុល ផ្លាស់ប្ដូរ ហើយដាក់លក់សាជាថ្មី។ បច្ចុប្បន្ន កំហុសបានកើតឡើងនៅលើតែថ្មប៉ុណ្ណោះ ដូច្នេះ គេគ្រាន់តែប្ដូរថ្មថ្មីគឺជាស្រេច។
ការប្រមូលមកវិញនូវ Note 7 នៅទូទាំងពិភពលោក គឺជាបញ្ហាធំមួយរបស់ Samsung នាបច្ចុប្បន្ន ដែលម៉ូដែល Note 7 ត្រូវបានគេវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រ។ ផលិតផលនេះ បានជួយឱ្យ Samsung ទទួលបានលទ្ធផលល្អក្នុងមុខជំនួញ ដោយចំនួននៃការបញ្ជាទិញ ច្រើនលើសពីការរំពឹងទុក។
Samsung កំពុងតែពឹងផ្អែកទៅលើ Note 7 ដើម្បីរក្សាមុខជំនួញរបស់ខ្លួន ខណៈដែល Apple ត្រៀមខ្លួនបញ្ចេញ iPhone ជំនាន់ថ្មី នៅសប្ដាហ៍ក្រោយ។
អគ្គនាយកផ្នែកពាណិជ្ជកម្មឧបករណ៍ទូរគមនាគមន៍ចល័តរបស់ Samsung លោក Koh Dong-Jin បានទទួលស្គាល់ថា បណ្ដាករណីដែលត្រូវគេរាយការណ៍អំពី Galaxy Note 7 ផ្ទុះដែលក្រុមហ៊ុនទទួលបានចាប់ពីថ្ងៃទី ១៩សីហា គឺដោយសារកំហុសឆ្គងនៅលើថ្ម។ លោក Koh Dong-Jin ថ្លែងថា នាពេលខាងមុខក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមប្រមូល Galaxy Note 7 ត្រឡប់មកវិញនៅទូទាំងពិភពលោក និងធ្វើការប្ដូរផ្លាស់ថ្ម សម្រាប់ផលិតផលដែលបានលក់ចេញនៅលើទីផ្សារ។
ទំព័រ CNN ដកស្រង់ព័ត៌មានពី Yonhap (កូរ៉េខាងត្បូង) ឱ្យដឹងថា នៅទូទាំងពិភពលោក មាន ៥ករណីដែលត្រូវគេរាយការណ៍ថា Note 7 បានឆេះ នៅពេលកំពុងបញ្ចូលថាមពលថ្ម។

អគ្គនាយកផ្នែកពាណិជ្ជកម្មឧបករណ៍ទូរគមនាគមន៍ចល័តរបស់ Samsung លោក Koh Dong-Jin ឱកក្បាលសុំទោស ទាក់ទឹននឹងបញ្ហាឆេះថ្មនៅលើ Galaxy Note 7 ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២កញ្ញា
ថ្មីៗនេះ ព័ត៌មានជាច្រើនបានបន្តចេញផ្សាយទាក់ទឹននឹងបញ្ហាដែលកើតឡើងនៅលើ Note 7។ ទំព័រ The Inquirer កាលពីថ្ងៃទី ២៥សីហា បានដកស្រង់ប្រភពពីបណ្ដាញសង្គម Baidu ចុះផ្សាយថា ជនជាតិចិនម្នាក់បានបង្ហោះរូបថតមួយត្រូវបានគេជឿថា ជា Note 7 បានឆេះពេលកំពុងសាកថ្ម។ មិនយូរប៉ុន្មាន ទំព័រ The Time of India ក៏បានចេញផ្សាយព័ត៌មានស្ដីអំពី Note 7 មួយផ្សេងទៀត បានផ្ទុះឆេះក្នុងពេលបញ្ចូលថាមពល។
ទាក់ទឹននឹងការប្ដូរថ្មី Samsung បានផ្ដល់អនុសាស្ដ្រថា ៖ “អតិថិជនដែលបានទិញ Galaxy Note7 ត្រូវយកវាមកកាន់កន្លែងបម្រើសេវាកម្មអតិថិជនរបស់ Samsung ដែលនៅក្បែរបំផុត”៕
ប្រែសម្រួល ៖ តារាប្រភព ៖ cnet/genk