សាលាមធ្យមសិក្សាមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នៅពេលដាក់វិញ្ញាសារចម្លែកមួយ ទៅក្នុងការប្រឡងបាក់ឌុប នោះគឺវិញ្ញាសារ “ពិនិត្យព្រហ្មចរិយ”។សិក្សស្រីដែលត្រូវបានគេរកឃើញថា បាត់បង់ព្រហ្មចរិយ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្ត។

វិញ្ញាសារពិនិត្យព្រហ្មចរិយ ចំពោះសិក្សស្រីដែលប្រឡងបាក់ឌុប កំពុងរងការរិះគន់ពីអង្គការក្រៅរដ្ឋាភិបាល
ទីក្រុង Jember នៃខែត្រ Java ខាងកើត របស់ ឥណ្ឌូនេស៊ី កំពុងតែឧទ្ទេសនាមនូវវិញ្ញាសារពិនិត្យព្រហ្មចរិយ ចំពោះសិក្សស្រីដែលកំពុងសិក្សាកម្រិតមធ្យម។ សិស្សស្រីទាំងឡាយណា ដែលត្រូវបានគណកម្មការ ឬមេប្រយោគ ពិនិត្យឃើញថា មានទំនាក់ទំនងផ្លូវភេទ មុនពេលរៀបការ គឺអាចនឹងត្រូវបាត់បង់សិទ្ធីទទួលសញ្ញាបត្របន្ទាប់ពីប្រឡងបាក់ឌុប។

ទំព័រ Jakarta Globe ឱ្យដឹងថា ករណីខាងលើនេះ ត្រូវបានធ្វើឡើងដោយអាជ្ញាធរក្រុង Jember សហការណ៍ជាមួយក្រុមមេធាវី បំណងទប់ស្កាត់មិនឱ្យសិក្សស្រី មានទំនាក់ទំនងផ្លូវភេទជាមួយដៃគូច្រើននាក់ មុនពេលរៀបការ។មេធាវីម្នាក់ថ្លែងថា លោកសង្ឃឹមថា វិញ្ញាសារនេះ នឹងអាចអនុវត្តនៅទូទាំងខែត្រ Java ខាងកើត។ មេធាវីនេះ បកស្រាយថា ៖ “ប្រសិនបាត់បង់ព្រហ្មចារី សិស្សស្រី នឹងមិនត្រូវបានគេអនុញ្ញាតឱ្យជាប់បាក់ឌុបនោះទេ។ នេះគឺដើម្បីផលប្រយោជន៍នៅថ្ងៃអនាគតរបស់ពួកគេ”។
អង្គការសិទ្ធិមនុស្ស HRW ឱ្យដឹងថា ការលើកឡើងរបស់អាជ្ញាធរនេះ មិនមានអ្វីថ្មី ព្រោះថា តាំងពីឆ្នាំ ១៩៦៥ នគរបាលជាតិឥណ្ឌូនេស៊ី ធ្លាប់បានកំណត់ឱ្យសិស្សស្រីរាប់ពាន់នាក់ ពិនិត្យព្រហ្មចរិយដូចគ្នានេះផងដែរ។

ការពិនិត្យព្រហ្មចរិយ ក៏បានក្លាយជាវិញ្ញាសារចាំបាច់ នៅពេលគេជ្រើសរើសទាហានស្រី
ទំព័រ Ibtimes ចេញផ្សាយថា ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវវិញ្ញាសារត្រួតពិនិត្យព្រហ្មចារិយ ហើយវាបានក្លាយជាវិញ្ញាសារចាំបាច់ នៅពេលគេជ្រើសរើសទាហានស្រី។ វិញ្ញាសារបែបនេះ គឺបានរំលោភទៅលើកិច្ចព្រមព្រៀងបំបាត់រាល់រូបភាពនៃការរើសអើងចំពោះស្ដ្រី ដែល ឥណ្ឌូនេស៊ីក៏ជាម្ចាស់ហត្ថលេខីមួយផងដែរនោះ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail/Human Rights Watch