ដោយមានរូបរាងដូចបេះបិទទៅនឹង Galaxy S7 edge ស្មាតហ្វូន Elephone S7 នឹងធ្វើឱ្យកក្រើកទីផ្សារខ្នាតមធ្យម ព្រោះតម្លៃដ៏ទាបរបស់វា។

យើងអាចឃើញ iPhone “ក្លែងក្លាយ” នៅប្រទេសចិន ដែលដំណើរការដោយ Android តម្លៃទាប។ ប៉ុន្តែ ផលិតផលក្លែងក្លាយរបស់ស្មាតហ្វូន Android គឺជារឿងកម្រមាន។

/

ជោគជ័យដ៏ធំធេងរបស់ Samsung Galaxy S7 និង S7 edge បានធ្វើឱ្យបណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូនក្លែងក្លាយនៅប្រទេសចិន មានការចាប់អារម្មណ៍។ ហើយនៅពេលខាងមុខ ស្មាតហ្វូនមួយប្រភេទ ដែលមានឈ្មោះថា Elephone S7 នឹងបង្ហាញខ្លួន ដោយរូបរាងរបស់វា មានលក្ខណៈដូចបេះបិទទៅនឹង Galaxy S7 edge ប៉ុន្តែ តម្លៃរបស់វា គឺត្រឹមតែ ១០០អឺរ៉ូ (ប្រហែល ១១០ដុល្លារអាមេរិក) ប៉ុណ្ណោះ។

/

បើគេមើលពីខាងក្រៅ គេនឹងឃើញថា Elephone S7 បានចម្លងតាមរូបរាងជាច្រើនចំនុចរបស់ S7 edge ពិសេសគឺអេក្រង់កោងទេរទៅសងខាង។ ក្រៅពីនេះ ផ្នែកខាងខ្នង និងប៊ូតុង Home ក៏ដូចបេះបិទផងដែរ។

/

ជារួម គេឃើញមានតែបណ្ដុំកាមេរ៉ាប៉ុណ្ណោះ ដែលខុសពី Galaxy S7 edge ប៉ុន្តែ វាបែរជាដូចទៅនឹងកាមេរ៉ានៅលើ iPhone 6។ យ៉ាងនេះក្ដី ឡូហ្គូរបស់ស្មាតហ្វូននេះ មិនត្រូវបានគេចម្លងតាម Galaxy S7 edge នោះទេ។

/

Elephone S7 ប្រើប្រូសេសឺរ MediaTek Helio X20, RAM 3GB។ ស្មាតហ្វូននេះ មានអេក្រង់ 5,5 inch រីសូលូសឹន HD ។ កាមេរ៉ាក្រោយរបស់ Elephone S7 មានទំហំ 16MP និងកាមេរ៉ាមុខ ទំហំ 8MP។ Elephone S7 ក៏មានសេនសឺរស្កេនក្រយៅដៃផងដែរ។

/

ស្មាតហ្វូនខាងលើនេះនឹងត្រូវបានដាក់លក់ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំនេះ ក្នុងតម្លៃ ប្រហែល ១១០ដុល្លារអាមេរិក សម្រាប់កំណែ RAM ទាប។ បណ្ដាកំណែលំដាប់ខ្ពស់ នឹងមានតម្លៃប្រហែល ២០០ដុល្លារអាមេរិក។

ប្រែសម្រួល ៖ បុត្រា