Samsung មានមោទនភាពបង្ហាញនូវម៉ូដែល Galaxy Note 7 ថ្មីដែលទើបនឹងបង្ហាញខ្លួន ដោយមានកញ្ចក់ការពារ Gorilla Glass 5 ដែលធន់ជាងបើធៀបនឹងកំណែកញ្ចក់ Gorilla Glass មុនៗ។

ប៉ុន្តែ វីដេអូពិសោធមួយដែលត្រូវបាន YouTuber ឈ្មោះ Zach Straley បង្ហោះកាលពីពេលថ្មីៗនេះ បង្ហាញថា Gorilla Glass 5 មិនបានរឹងមាំដូចអ្វីដែល Samsung បានឃោសនានោះទេ។

/

Zach Straley បានធ្វើការពិសោធ ដោយទម្លាក់ Note 7, Note 5 និង iPhone 6s ដើម្បីប្រៀបធៀបភាពរឹងមាំ ហើយបានរកឃើញថា Note 7 ដែលត្រូវបានគេឃោសនាថា ធន់នឹងការប៉ះទង្គិចបំផុត បែរជាបានប្រេះស្រាំមុនគេទៅវិញ។ ចំណែក Note 5 ដែលបំពាក់កញ្ចក់ Gorilla Glass 4 បែរជាស្មាតហ្វូនដែលរឹងមាំជាងគេបំផុត។

នៅពេលគេទម្លាក់ពីលើកំពស់ប្រហែលមួយម៉ែត្រ ស្មាតហ្វូនទាំងបី មានស្នាមកូតបន្តិចនៅត្រង់ជ្រុងទូរស័ព្ទ (ទម្លាក់បញ្ឈរ)។ ប៉ុន្តែ Galaxy Note7 ត្រូវប្រេះកញ្ញក់ខាងខ្នង នៅពេលគេទម្លាក់ដោយផ្ដេក។ រីឯ Note 5 មិនមានបញ្ហាអ្វីនោះទេ បើទោះខ្នងរបស់វាធ្វើឡើងអំពីកញ្ចក់។

ការពិសោធដោយទម្លាក់ពីលើកំពស់ត្រឹមត្រចៀក Galaxy Note 5 នៅតែបន្តបង្ហាញថា ខ្លួនជាស្មាតហ្វូនរឹងមាំបំផុត ខណៈដែល iPhone 6s និង Galaxy Note7 ត្រូវស្រាំអេក្រង់។ អេក្រង់របស់ Galaxy Note 5 បានបែក តែនៅពេលគេទម្លាក់ពីកំពស់ជាង ២ម៉ែត្រ។

ប៉ុន្តែ ខណៈដែលអេក្រង់ថាច់របស់ Galaxy Note7 នៅតែដំណើរការបាន ក្រោយពីការទម្លាក់ ស្មាតហ្វូន Galaxy Note 5 និង iPhone 6s បែរជាមិនអាចដំណើរការបាន។ ជាងនេះ iPhone 6s ថែមទាំងខ្ទាតប៊ូតុង Home ចេញក្រៅទៀតផង។

យ៉ាងនេះក្ដី ការពិសោធនេះ ត្រូវបានធ្វើឡើងដោយមិនមានភាពយុត្តិធម៌ប៉ុន្មាន ព្រោះថា វាត្រូវបានទម្លាក់ដោយដៃមនុស្ស គឺមិនមែនដោយម៉ាស៊ីននោះទេ៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ youmobile