លោកតាវ័យ ១២០ឆ្នាំនេះ បានអះអាងថា អាថ៌កំបាំងដែលជួយឱ្យគាត់រស់បានយូររហូតដល់ ១២០ឆ្នេះនេះ គឺមកពីគាត់មិនរួមភេទ និងទទួលទានអាហារដែលមិនប្រើគ្រឿងទេស។

យោងតាមព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណ លោកតា Swami Sivananda កើតថ្ងៃទី៨សីហា ឆ្នាំ ១៨៩៦ នៅឥណ្ឌា។ គាត់គឺជាអ្នកបួសម្នាក់ ហើយបច្ចុប្បន្ន លោកតារូបនេះកំពុងផ្ញើឯកសារទៅកាន់អង្គការ Guinness ដើម្បីទទួលស្គាល់គាត់ថាជាបុរសដែលរស់បានយូរបំផុតក្នុងលោក ព្រោះថា ម្ចាស់ឯតទគ្គកម្មនេះ គឺលោកតាជនជាតិជប៉ុន Kimura Jiroemon បានទទួលមរណភាពកាលពីខែមិថុនា ឆ្នាំ ២០១៣ ក្នុងជន្មាយុ ១១៦ឆ្នាំ។
លោកតា Sivananda បានចាប់កំណើតនៅក្នុងគ្រួសារក្រីក្រមួយ នៅទីក្រុង Kolkata និងរស់នៅក្នុងក្រុង Varanasi ពេញមួយជីវិត។ បើទោះមានអាយុច្រើន ប៉ុន្តែ លោកតាមិនចាំបាច់ពឹងលើអ្នកណានោះទេ។ លោកតា ហាត់យ៉ូហ្គារៀងរាល់ថ្ងៃ។
ជាអ្នកបួសម្នាក់ លោកតារូបនេះយល់ថា អាថ៌កំបាំងដែលជួយឱ្យគាត់រស់បានយូរនោះគឺការហាត់យ៉ូហ្គា ហូបអាហារដែលមិនប្រើគ្រឿងទេស និងមិនរួមភេទ។

លោកតា Sivananda ឱ្យដឹងថា ៖ “វិន័យគឺជាប្រការសំខាន់បំផុត។ មនុស្សម្នាក់អាចធ្វើបានអ្វីៗគ្រប់យ៉ាង ជាមួយនឹងវិន័យក្នុងទម្លាប់ទទួលទាន ហាត់ប្រាណ និងរួមភេទ”។
លោកតា Sivananda មិនដែលសម្រាន្តនៅលើគ្រែ ឬប្រើខ្នើយ។ គាត់សម្រាន្តនៅលើឥដ្ឋ ជាមួយនឹងកន្ទេល និងប្រើថ្មធ្វើជាខ្នើយ។
លោកតាវ័យ ១២០ឆ្នាំរូបនេះ បានឱ្យដឹងថា “កាលពីមុន អ្នករាល់គ្នារស់នៅយ៉ាងសប្បាយរីករាយ ព្រោះអ្វីៗមានភាពសាមញ្ញ។ ចំណែកពេលនេះ អ្នករាល់គ្នាតែងតែមានអារម្មណ៍ថា គ្មានសុវត្ថិភាព ជីវិតជួបបញ្ហាច្រើន មនុស្សប្រែទៅជាមិនស្មោះត្រង់។ នោះគឺជាប្រការដែលនាំឱ្យខ្ញុំព្រួយបារម្ភ។ ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សរស់នៅដោយមានសុភមង្គល មាំមួន និងសុខសប្បាយ”។

លោកតា Sivananda បានទៅកាន់តំបន់ជាច្រើនដើម្បីចែករំលែកទៅឱ្យប្រជាជននូវអាថ៌កំបាំងដែលនាំឱ្យគាត់រស់បានយូរ។ មនុស្សជាច្រើនចង់ក្លាយជាសិក្សារបស់គាត់ដើម្បីស្វែងរកភាពសុខសាន្ត និងការរស់បានយូរ៕
ប្រែសម្រួល ៖ តារាប្រភព ៖ mirror