យោងតាម Daily Mail កាលពីចុងសប្ដាហ៍មុន លោកយាយ Edie Simms អាយុ ១០២ឆ្នាំ នៅ Missouri អាមេរិក បានត្រូវនគរបាលវាយខ្នោះ និងនាំខ្លួនទៅកាន់ការិយាល័យ។

/

ប៉ុន្តែ តាមការពិត លោកយាយដែលមានឈ្មោះថា Edie Simms នេះមិនបានបំពានច្បាប់អ្វីនោះទេ តែនេះគ្រាន់តែជាវិធីដែលលោកយាយធ្វើទៅតាមក្ដីស្រមៃរបស់ខ្លួន។ លោកយាយប្រាថ្នាចង់ឱ្យនគរបាលវាយខ្នោះម្ដងក្នុងមួយជីវិត។

នៅពេលត្រូវបានសួរថា “លោកយាយសប្បាយចិត្ត ឬអត់?” លោកយាយឆ្លើយថា “អូ! ពិតជាមាន។ ខ្ញុំសប្បាយចិត្ត ពេលត្រូវនគរបាលវាយខ្នោះ និងនាំទៅកាន់ការិយាល័យនគរបាល”។

/

មុននេះ នៅពេលបានដឹងអំពីក្ដីស្រមៃរបស់លោកយាយ ក្រុមមន្ដ្រីនគរបាល នៅ St Louis និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ Five Star បានជួយឱ្យលោកយាយបានសម្រេចដូចក្ដីប្រាថ្នា។

ដោយមានជំនួយពីលោក Michael Howard អគ្គនាយករបស់មជ្ឈមណ្ឌល Five Star និងពលបាលត្រី John McLaughlin លោកយាយ Edie Simms ត្រូវបានវាយខ្នោះ ទៅតាមក្ដីស្រមៃរបស់ខ្លួន។

/

លោក Michael Howard ថ្លែងថា ៖ “មជ្ឈមណ្ឌលយើងខ្ញុំ បានជួយដល់ចាស់ជរាជាច្រើន ហើយខ្ញុំគិតថា ការធ្វើបែបនេះ គឺជាប្រការដ៏អស្ចារ្យបំផុត”។

/

នៅពេលត្រូវបាននាំខ្លួនទៅដល់ការិយាល័យនគរបាល លោកយាយ បានជូនអំណោយមួយចំនួនដល់បុគ្គលិក និងចូលរួមលេងល្បែងកំសាន្តយ៉ាងសប្បាយរីករាយ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail