ក្ដីស្រមៃអំពីទូរស័ព្ទដែលអាចផ្លាស់ប្ដូរគ្រឿងម៉ាស៊ីនដូចកុំព្យូទ័រ មិនបានក្លាយជាការពិតនោះទេ នៅពេល Google បញ្ឈប់គម្រោង Project Ara។
ក្រោយរយៈពេល ៣ឆ្នាំនៃការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតបាននូវស្មាតហ្វូនដែលអាចប្ដូរផ្លាស់គ្រឿងម៉ាស៊ីនទៅតាមចិត្តរបស់អ្នកប្រើប្រាស់ បច្ចុប្បន្ន ត្រូវបាន Google ប្រកាសបញ្ឈប់គម្រោងនេះ។ គេនៅមិនទាន់ដឹងថា Google នឹងលុបចោលគម្រោងនេះ ឬមួយដាក់វាចូលទៅក្នុងគម្រោងថ្មីណាមួយនៅឡើយ។

Project Ara ចាប់ផ្ដើមចេញពីវីដេអូស្ដីអំពីទូរស័ព្ទ Phoneblok របស់ Dave Hakkens កាលពីខែកញ្ញា ឆ្នាំ ២០១៣។ ម្ចាស់គម្រោងឱ្យដឹងថា ឧបករណ៍អេឡេចត្រូនិចបច្ចុប្បន្ន មិនមានភាពរឹងមាំ និងចាស់ទៅតាមពេលវេលា ហើយវាក៏ក្លាយជាសំរាមធ្វើឱ្យខូចបរិស្ថាន។ Phonebloks ត្រូវបានរចនាឡើងជាមួយនឹងរូបរាងបួនជ្រុងទ្រវែង ដែលអាចដោះផ្លាស់ប្ដូរងាយស្រួល។ ដូច្នេះ នៅពេលត្រូវការប្ដូរ ឡើងស៊េរីជាដើម អ្នកប្រើប្រាស់គ្រាន់តែដោះ និងទិញគ្រឿងបំលាស់ថ្មីមកដាក់ ជាការស្រេច។
គំនិតខាងលើនេះ បានទាក់ទាញមនុស្សរាប់លាននាក់ ហើយវាក៏ទាក់ទាញបាន Motorola។ ម្ចាស់គម្រោង បានចាប់ដៃជាមួយ Motorola ដើម្បីបង្កើតគម្រោងថ្មី ហៅថា Project Ara ក្រោយមក Google បានរក្សាទុកគម្រោង Project Ara នៅពេលលក់ Motorola ទៅឱ្យក្រុមហ៊ុនចិន។
គោលដៅរបស់ Project Ara គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរគ្រឿងបំលាស់ដោយខ្លួនឯង ដោយយោងទៅលើ module ទាំងឡាយដែលមានស្រាប់។ Module និមួយៗគឺជាផ្នែកមួយរបស់ទូរស័ព្ទ ដូចជា អេក្រង់ កាមេរ៉ា ឬអង្គចងចាំ។ល។ Google អធិប្បាយថា ស្មាតហ្វូន Ara ត្រូវបានរចនាឡើងសម្រាប់មនុស្ស ៦ពាន់លាននាក់។ បើសិនជាជោគជ័យ នោះ Ara នឹងក្លាយជាផលិតផលដែលគួរឱ្យចាបអារម្មណ៍បំផុត ចាប់តាំងពី Apple បង្ហាញខ្លួន iPhone ។

ដំបូងឡើយ Google ប្រកាសថា កំណែដំបូងនៃស្មាតហ្វូនខាងលើនឹងត្រូវបានឧទ្ទេសនាមនៅដើមឆ្នាំ ២០១៧ ប៉ុន្តែគួរឱ្យស្ដាយ រឿងនេះមិនបានកើតឡើងនោះទេ៕
ប្រែសម្រួល ៖ តារាប្រភព ៖ theverge