មួកក្រដាសដែលត្រូវបានរចនាឡើងដោយគ្រូបង្រៀននៅសកលវិទ្យាល័យ Kasetsart ប្រទេសថៃ នេះ គឺក្នុងបំណងទប់ទល់នឹងការលួចចម្លង ក្នុងអំឡុងពេលនៃការប្រឡងរបស់សាលា។ដើម្បីទប់ស្កាត់ឱ្យបានជាដាច់ខាតនូវស្ថានភាពលួចចម្លងពីគ្នា ក្នុងពេលប្រឡង ក្រុមគ្រូបង្រៀននៅសកលវិទ្យាល័យ Kasetsart នៃប្រទេសថៃ បានសម្រេចចិត្ដចាត់វិធានការថ្មី និងចម្លែកបំផុត ដោយបង្ខំឱ្យសិស្សពាក់មួកក្រដាស ដែលមានរូបរាងដូចទៅនឹងមួកក្សត្រី ម៉ុងហ្គូលី។ មួកក្រដាសនេះ មានមុខងារបិទបាំង “ចក្ខុវិស័យ” របស់សិស្សខិលខួច ក្នុងពេលប្រឡង។

/និស្សិតថៃ ពាក់មួកការពារ ការលួចចម្លង អំឡុងពេលប្រឡង

មួកចម្លែកដែលជាស្នាដៃនៃគំនិតច្នៃប្រឌិតនេះ ត្រូវបានធ្វើឡើងអំពីក្រដាស ចំនួន ២សន្លឹកនៅសងខាង ហើយវាមានប្រសិទ្ធិភាពខ្ពស់ ក្នុងការរារាំងអ្នកពាក់ មិនឱ្យមើលឃើញចម្លើយរបស់អ្នកដែលអង្គុយក្បែរខ្លួន។ ប្រភពព័ត៌មាន បានឱ្យដឹងថា  និស្សិតប្រមាណជា ១០០នាក់  នៃផ្នែកឧស្សាហកម្មកែច្នៃ  របស់សកលវិទ្យាល័យខាងលើ បានចូលរួមប្រឡង និងត្រូវពាក់មួកប្រភេទពិសេសនេះ គ្រប់គ្នា។ ប៉ុន្ដែ គណកម្មការនាយកបានអះអាងថា ការកំណត់នេះ ត្រូវបានធ្វើឡើងក្នុងបំណងល្អ មិនមែនជាការបង្អាប់ដល់និស្សិតនោះទេ។ភាគីខាងសកលវិទ្យាល័យ Kasetsart បកស្រាយថា បន្ទប់ប្រឡងរបស់សាលា មានភាពតូចចង្អៀត ខណៈដែលសិស្សមានច្រើន ដូច្នេះ ការអង្គុយក្បែរគ្នាពេក សិស្សទាំងឡាយអាចលួចចម្លងពីគ្នាបានដោយងាយ បង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់ចំណេះដឹងពិតរបស់ពួកគេ មូលហេតុនេះហើយ ដែលនាំឱ្យឈ្នួតក្បាលដែលមានរាងដូចទៅនឹងមួករបស់ក្សត្រី ម៉ុងហ្គោលី ត្រូវបានបង្កើតឡើង៕

ដោយ ៖ តារាប្រភព ៖ straitstimes