អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ Massachusetts អ្នកស្រី Maura Healey បានប្រកាសកាលពីថ្ងៃចន្ទថា ភោជនីយដ្ឋានសាច់អាំង Chipotle រងការផាកពិន័យ ១.៣ លានដុល្លារអាមេរិកពីបទរំលោភបំពានលើពលកម្មកុមារប្រមាណ ១៣,២៥៣ នាក់ និងការកេងប្រវេញ្ចប្រាក់ម៉ោងដទៃទៀត នៅក្នុរដ្ឋ Massachusetts ។

/

កាលពីឆ្នាំ ២០១៦ ឪពុកម្ដាយរបស់បុគ្គលិក ដែលជាអនីតិជន  បានប្ដឹងទៅការិយាល័យអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ Massachusetts ថា អនីតិជនខំធ្វើការយ៉ាងល្អរហូតរំលងអាធ្រាត្រ ។ កត្ដានេះនាំឱ្យមានការស៊ើបអង្កេតឃើញថា ក្រុមហ៊ុន  Chipotle បានអនុញ្ញាតឱ្យបុគ្គលិក ដែលជាអនីតិជនធ្វើការច្រើនជាង ៩ ម៉ោងក្នុងមួយថ្ងៃ និងលើស ៤៨ ម៉ោងក្នុងមួយសប្ដាហ៍ជាកំហិត ។ អនីតិជនភាគច្រើន ពុំមានច្បាប់អនុញ្ញាតឱ្យបំពេញការងារត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ។ ហើយក្រុមហ៊ុននេះ ពុំបានជូនដំណឹងឱ្យបានត្រឹមត្រូវស្ដីអំពីសិទ្ធិទទួលបានប្រាក់ឈ្នួល ពេលសម្រាកឈឺនោះទេ ។

យោងតាមច្បាប់រដ្ឋ Massachusetts កុមារអាយុក្រោម ១៨ ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យធ្វើការលើសពី ៩ ម៉ោងក្នុងមួយថ្ងៃ ឬ ៤៨ ម៉ោង ក្នុងមួយសប្ដាហ៍នោះទេ ។ គ្រប់បុគ្គលិកដែលជាអនីតិជនទាំងអស់តម្រូវឱ្យមានច្បាប់អនុញ្ញាតឱ្យបំពេញការងារត្រឹមត្រូវតាមផ្លូវច្បាប់ ។ អនីតិជន ដែលមានអាយុចន្លោះពី ១៤ និង ១៥ ឆ្នាំពុំត្រូវបានអនុញ្ញាតឱ្យធ្វើការផុតម៉ោង ៧ យប់នោះទេ ។ ហើយអនីតិជន ដែលមានអាយុចន្លោះពី ១៦ និង ១៧ឆ្នាំ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការផុតម៉ោង ១០ យប់ នៅយប់ដែលពួកគេ ត្រូវទៅរៀននៅថ្ងៃស្អែកនោះទេ ។ អនីតិជនទាំងអស់ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការរំលងអាធ្រាត្រនោះទេ បើទោះជាមិនចំយប់ ដែលត្រូវទៅរៀន នៅថ្ងៃស្អែក ។ ប៉ុន្ដែក្រុមហ៊ុន Chipotle បានរំលោភបំពានលក្ខន្ដិកៈច្បាប់ទាំងអស់នេះ ។

ក្រៅពីបង់ប្រាក់ពិន័យ ក្រុមហ៊ុន Chipotle នឹងបង់វិភាគទានជូនកម្មវិធីអប់រំមួយស្ដីពីការពង្រឹងច្បាប់ និងពលកម្មលើកុមារ ។ មូលនិធិនេះផងដែរ នឹងផ្ដល់ការបណ្ដុះការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្លាំងពលកម្មសម្រាប់កម្មករវ័យក្មេងផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist