បើតាម បណ្តាអង្គការការពារ សត្វ (Animal Protection Organization) សត្វចិញ្ចឹមក៏មានសិទ្ធិទទួលបានក្តីស្រឡាញ់ ការថែរក្សាជាពិសេស ដូចនឹងមនុស្សដែរ។ ផ្អែកតាមទ្រឹស្តីនេះ មជ្ឈមណ្ឌលការពារនិងប្រឆាំង នឹងការរំលោភបំពានលើ សត្វនៅ San Francisco (SPCA), សហរដ្ឋអាមេរិច ទើបតែបានប្រកាសបង្ហាញនូវយុទ្ធនាការផ្សាយពាណិជ្ជកម្មស្រោមអនាម័យ សំរាប់សត្វ ដែលផ្តោតទៅលើសត្វចិញ្ចឹមនៅក្នុងគ្រួសារ រួមមាន សត្វឆ្កែ និងឆ្មា ។
តាមរយះសំដីពាណិជ្ជកម្មនៃយុទ្ធនាការនេះ នេះគឺជាវិធានការដ៏ល្អបំផុតមួយ គោលបំណងកំណត់ព្រំដែនសត្វចិញ្ចឹមជាទីស្រលាញ់របស់ខ្លួន កុំឲ្យមានកូន (មិនសមបំណង) ហើយធានាបាននូវសមត្ថភាពរួមភេទ របស់សត្វចិញ្ចឹមទាំងនោះ ដដែល។
ផលិតផលស្រោមអនាម័យនេះ មានឈ្មោះថា Animal Instincts ត្រូវបានវេចខ្ចប់ក្រោមទម្រង់ ថង់ផ្លាស្ទិច ដូចទៅនឹងបណ្តាស្រោមអនាម័យ សម្រាប់មនុស្ស ផងដែរ។
ការបង្កើតឡើងនូវគេហទំព័រ ផ្សព្វផ្សាយយុទ្ធនាការនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកដែលស្រលាញ់ចូលចិត្តសត្វ។ ប៉ុន្តែពួកគេ សុទ្ធតែមិនបានដឹងថា គេហទំព័រនេះ គឺដាក់លក់ផលិតផលសប្បនិម្មិតតែប៉ុណ្ណោះ។ ជាក់ស្តែង នេះគ្រាន់តែជាយុទ្ធនាការ ពន្យារកំណើតដល់សត្វ ដែលធ្វើឡើងដោយអង្គការ SPCA ប៉ុណ្ណោះ។ ក្នុងនោះ SPCA បានអំពាវនាវ ចង់ឲ្យម្ចាស់នៃសត្វចិញ្ចឹម អនុវត្តនូវវិធានការ ពន្យារកំណើតដល់សត្វចិញ្ចឹមរបស់ខ្លួន ដូចជាក្រៀវស្បូន ឬពងស្វាសដើម្បីកំណត់ព្រំដែន ក៏ដូចជាកាត់បន្ថយបាននូវ ការចាប់កំណើតនៃប្រភេទសត្វទាំងនោះ មិនសមបំណងដែលចង់បាន។
អង្គការមនុស្សធម៌សហរដ្ឋអាមេរិច បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសនេះ គេបានប៉ាន់ប្រមាណថា មានសត្វឆ្កែ និងឆ្មា ដល់ចំនួនពី ៦ ទៅ ៨លានក្បាល ដែលគ្មានផ្ទះសម្បែងរស់នៅ ហើយត្រូវទទួលចិញ្ចឹមនៅតាមបណ្តា មជ្ឈមណ្ឌលការពារសត្វ។ ប៉ុន្តែជាក់ស្តែង វាពិតជាពិបាកខ្លាំង ដោយក្នុងនោះ មានតែចំនួនពាក់កណ្តាលប៉ុណ្ណោះ ដែលបានទទួលចិញ្ចឹម៕
ប្រែសម្រួល៖ សិលាប្រភព៖ kenh14