ព័ត៌មានអន្តរជាតិ ៖ ជាដំបូង នាងខ្ញុំបានគិតថា វាគឺជាប្រដាប់ប្រដាក្មេងលេងនោះទេ តែដឹងអីថា នៅពេលដែលមើលអោយជិតនោះ តាមពិតទៅវាគឺជាកូនត្រីឆ្លាមមែនទែន នេះជាសម្តីស្រ្តីជាអ្នកធ្វើដំណើរតាមរថភ្លើងក្រោមដី ឈ្មោះ Juan Cano បានផ្តល់កិច្ចសម្ភាសន៍ដល់គេហទំព័រសារព័ត៌មានបរទេស CNN ។
គួររំឭកផងដែរថា ករណីរកឃើញថាមានកូនត្រីឆ្លាមងាប់ ប្រវែងជាងកន្លះម៉ែត្រ នៅលើរថភ្លើងក្រោមដីលើកនេះ ពិតជាបានបង្កអោយក្រុមអ្នកដំណើរ មានភាពភ្ញាក់ផ្អើល ក៏ដូចជាមានភាពស្រឡាំងកាំងជាខ្លាំង ខណៈពេលដែលករណីដ៏កម្រនេះ បានកើតឡើងនៅក្នុងតំបន់ទីប្រជុំជន Manhattan សហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា សាកសពត្រីឆ្លាមដែលនៅសើមទឹកនៅឡើយ មួយក្បាលនេះ មានទម្ងន់ចន្លោះពី ២ ទៅ ៤ គ.ក ហើយវាត្រូវបានក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរ ប្រទះឃើញ នៅជិតកៅអីអង្គុយ ពោលគឺ នៅលើរថភ្លើងQueens-bound N ចំណតលេខ ១៤ ។
យ៉ាងណាមិញ បើយោងតាមសម្តី អ្នកនាំពាក្យមកពីអង្គភាព MTA (Metropolitan Transit Authority) លោក Kevin Ortiz អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានមួយនេះ ក្រុមការងារយើងខ្ញុំ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយចុះធ្វើការអន្តរាគមន៍ នាំយកត្រីឆ្លាមងាប់មួយក្បាលនេះចេញ ។ ខ្ញុំពិតជាមានការងឿយឆ្ងល់ជាខ្លាំង ថាតើវាអាចមកនៅទីនោះបានដោយរបៀបណានោះទេ ហេតុអ្វីបានជាវាមកនៅទីនេះទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយករណីនេះ ក៏កំពុងតែ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត របស់ក្រុមមន្រ្តីជំនាញនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN