គ្រោះថ្នាក់​ដ៏​សាហាវ​មួយ​ប្រភេទ​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ស្ទើរតែ​គ្រប់​ករណី នោះ​គឺ រថយន្ដ​ធ្លាក់ចូល​ទឹក​ជ្រៅ ដូចជា​ទឹកទន្លេ បឹង សមុទ្រ។ល។ ករណីនេះ កើន​មាន​ច្រើន​នៅតាម​ដងផ្លូវ​កោង ផ្លូវ​ចោត ក្បែរ​ទន្លេ បឹង ឬ​សមុទ្រ។ ប្រសិន​សំណាងអាក្រក់ មាន​គ្រោះថ្នាក់​បែបនេះ​កើតឡើង តើ​យើង​ត្រូវធ្វើ​បែបណា ដើម្បី​បាន​រួច​ផុតពី​ក្ដី​មរណា?

/

ដើម្បី​សង្គ្រោះ​ខ្លួនឯង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​រថយន្ដ​ចូល​ទឹក​ជ្រៅ ប្រការ​ដំបូង​ដែល​យើង​ត្រូវ​ក្ដាប់​ឱ្យបាន​ច្បាស់ នោះ​គឺ​បញ្ហា​អ្វីខ្លះ​នឹង​កើតឡើង នៅពេល​រថយន្ដ​លិចទៅ​ក្នុង​ទឹក។ ក្នុងករណីនេះ កាយវិការ​កាន់ចង្កូត​អាច​សម្រេចការ​ស្លាប់​រស់​របស់​យើង។ នៅពេល​គ្រោះថ្នាក់​កើតឡើង យើង​ត្រូវ​កាន់ចង្កូត​ទៅតាម​ទីតាំង ដូច​ម៉ោង ៩ និង​ម៉ោង ។ ប្រសិន​កាន់ចង្កូត​លើ​កន្លែង​ផ្សេង ការប៉ះទង្គិច​នឹងធ្វើ​ឱ្យ​ពោង​សុវត្ថិភាព​ត្រូវ​ផ្ទុះ​ចេញ​ក្នុងអំឡុង ០,០៤វិនាទី ក្នុងស្ថានភាព​នេះ យើង​នឹងត្រូវ​រងរបួស​ធ្ងន់ ប្រសិន​ទុកឱ្យ​ដៃ ប៉ះទង្គិច​នឹង​មុខ។ ជាធម្មតា រថយន្ដ​មួយគ្រឿង នៅពេល​ធ្លាក់ចូល​ទឹក វា​នឹង​លិច​បាត់​ចូលក្នុង​ទឹក បន្ទាប់ពី​រយៈពេល ចាប់ពី ៣០វិនាទី ដល់ ២នាទី។ អំឡុង​ពេលនេះ ក៏​ជា​រយៈពេល​ដ៏​មានតម្លៃ ដើម្បីឱ្យ​យើង​អាច​ចាក​ចេញពី​គ្រោះថ្នាក់។ ក្នុងពេល​ធ្លាក់ចុះ​ទឹក ម៉ាស៊ីន​របស់​រថយន្ដ​នឹង​ដំណើរការបាន ៣នាទី​បន្ថែមទៀត មុនពេល​លិច​បាត់។

/

ខាងលើនេះ​គឺជា​រយៈ​ពេលដែល​យើង​អាច​ប្រើប្រាស់​ដើម្បី​បើក​បង្អួច​រង​យន្ដ ក្នុងករណី​សំណាង​ល្ហ​បំផុត។ ចុងក្រោយ នៅសល់តែ ពី ៦០ ទៅ ១២០វិនាទី ទឹកនឹង​ជ្រាបចូល​ពេញ។ ក្រោយ​រយៈពេល​នេះ យើង​នឹង​មិនមាន​វត្តមាន​នៅក្នុង​លោក​នេះ​ទៀត​ទេ។បណ្ឌិត Gordon Giesbrecht អ្នកឯកទេស​ស្ដីអំពី​គ្រោះថ្នាក់​ក្រោម​ទឹក បានឱ្យដឹងថា គន្លឹះ​ដែលនាំឱ្យ​យើង​អាច​នៅមាន​ជីវិត​ក្នុងករណី​គ្រោះថ្នាក់​ប្រភេទ​នេះ នោះ​គឺ S-C-W-O (អង្សរ​កាត់​ភាសា​អង់គ្លេស គឺ ខ្សែក្រវាត់​សុ​វត្ថុ​ភាព កុមារ បង្អួច ចេញ​ក្រៅ)។

/

ជំហាន​ទីមួយ បន្ទាប់ពី​ធ្លាក់ចុះ​ទឹក​ភ្លាម យើង​ត្រូវ​ដោះ​ខ្សែក្រវាត់​សុវត្ថិភាព ឆ្លៀតពេល​អគ្គិសនី​ក្នុង​រថយន្ដ​នៅ​ដំណើរការ ត្រូវ​បើក​បង្អួច​ជាបន្ទាន់ ដើម្បី​ចាកចេញ។ ប្រសិន​មិនបាន យើង​ត្រូវ​ប្រើ​របស់​រឹង ដូចជា​ម៉ា​ឡេ​ត វី​ស​ធំ ញញួរ ឬ​ស្បែកជើង​កែង ដើម្បី​បំបែក​កញ្ចក់។ កញ្ចក់​ដែល​យើង​ត្រូវកំទេច គឺ​កញ្ចក់​បង្អួច ហើយ​ចំណុចកណ្ដាល​របស់​វា គឺ​ងាយស្រួល​បំបែក​ជាងគេ។ ប្រសិន​យើង​បំបែក​កញ្ចក់​បាំង​ខ្យល់ នោះ​គឺជា​ការ​ឆោតល្ងង់​បំផុត​ដែល​នឹង​ធ្វើឱ្យ​យើង​ស្លាប់។

/

ក្នុងករណី​ដែល​វិធី​ខាងលើ​មិនអាច​ធ្វើបាន នោះ​ដាច់ខាត​មិនត្រូវ​ស្លន់ស្លោ​នោះទេ។ យើង​ត្រូវ​រង់ចាំ​ឱ្យ​ទឹក​ចូល​រៀបនឹង​ពេញ​រថយន្ដ ទើប​ដកដង្ហើម​ឱ្យ​ជ្រៅ រង់ចាំ​ឱ្យ​ទឹក​ចូល​ពេញ​រថយន្ដ រួច​ឆ្លៀត​ប្រើ​ប្រាស់​​សម្ពាធ​ទឹក ដើម្បី​បើកទ្វារ​រថយន្ដ ហើយ​ហែល​យ៉ាង​លឿន​មក​ក្រៅ។ ប្រសិន​មិនដឹង​ត្រូវ​ហែល​ទៅ​ទិស​ខាង​ណា នោះ​យើង​អាច​មើល​ពពុះទឹក រួច​ហែល​ទៅតាម​ក្រោយ វា​នឹង​នាំ​យើង​ដល់​កន្លែង​សុវត្ថិភាព។

/

ចុងក្រោយ បន្ទាប់ពី​បាន​ឡើងគោក យើង​ត្រូវ​ហៅ​ឱ្យគេ​ជួយសង្គ្រោះ​ជាបន្ទាន់ ព្រោះថា យើង​ប្រហែល​បាន​ត្រូវ​រងរបួស​ធ្ងន់ ដោយ​មិនដឹង​ខ្លួន ដោយសារតែ អ័រម៉ូន adrenaline ក្នុង​រាងកាយ​មិន​ធ្វើឱ្យ​យើង​មានការ​ឈឺចាប់ភ្លាមៗ ក្រោយពី​បាន​រួច​ជីវិត។

ដោយ ៖ តារាប្រភព ៖ KH