យោងតាមទនិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ប្រទេសប៉េរូ មានអត្រាមរណភាព ដោយសារជំងឺកូវីដ-១៩ ច្រើនទ្វេដង ក្រោយការពិនិត្យពិច័យឡើងវិញ ដោយធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេស ដែលមានអត្រាអ្នកស្លាប់ខ្ពស់បំផុតនៃពិភពលោក ។  អត្រាមរណភាពផ្លូវការបច្ចុប្បន្នមានចំនួន ១៨០,០០០ នាក់ ដែលកើនពីចំនួន ៦៩,៣៤២ នាក់ ។

/

 លោកស្រីនាយករដ្ឋមន្រ្ដី Violeta Bermudez បានប្រាប់អ្នកកាសែតថា ចំនួនមរណភាពនេះ ត្រូវបានបូកសរុប យោងតាមអនុសាសន៍ណែនាំរបស់អ្នកជំនាញប៉េរូ និងអន្ដរជាតិ ។  នេះគឺជាចំនួនមរណភាព ស្ថិតនៅក្នុងបន្ទាត់ ដែលគេធ្លាប់សន្មត់ថា ជាតួលេខមរភាពច្រើនលើសលប់ ។ មរណភាពច្រើនលើសលប់ គឺជារង្វាស់ស្ដីពីចំនួនប្រជាជន ដែលស្លាប់បាត់បង់ជីវិត ច្រើនជាងការរំពឹងទុក ដោយយោងទៅលើតួលេខចាស់ កាលពីឆ្នាំមុនៗ ។

 លោកស្រី Bermudez បន្ថែមថា ៖ “យើងគិតថា នេះជាកាតព្វកិច្ចរបស់យើង ក្នុងការជម្រាបសាធារណជន ពីព័ត៌មាន ដែលធ្វើបច្ចុប្បន្នភាព “។

 ប៉េរូគឺជា ប្រទេស ដែលរងការរាតត្បាតក៏អាក្រក់បំផុត នៅអាមេរិកឡាទីន ហេតុនេះហើយទើបធ្វើឱ្យប្រទេសនេះ ជួបកង្វះខាតថវិកាទ្រទ្រង់ប្រព័ន្ធតំហែទាំងសុខភាព និងខ្វះខាតធុងអ៊ីកស៊ីហ្សែនជំនួយផ្លូវដង្ហើមអ្នកជំងឺ ។

 បច្ចុប្បន្ន ចំនួនមរភាពផ្លូវការ ដោយសារជំងឺខូវីដ-១៩  គឺមានចំនួន ១៨០,៧៦៤ នាក់ ដែលជាការកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ពីតួលេខផ្លូវការចាស់ ដែលមានចំនួន ៦៩,៣៤២ នាក់ ។

 បើប្រៀបធៀបជាមួយប្រទេសជិតខាង ប្រទេស កូឡុំប៊ី បានចុះបញ្ជីមរណភាព ៨៨,២៨២ នាក់ ហើយប្រទេសបូលីវី បានរាយកាយណ៍មរណភាពជាង ១៤,០០០ នាក់ ខណៈដែលប្រេស៊ីល មានអត្រាមរណភាពខ្ពស់បំផុតនៃពិភពលោក  ដែលមានចំនួនអ្នកស្លាប់រហូតដល់ ៤៦០,០០០ នាក់ ។

 ប៉ុន្ដែប៉េរូបច្ចុប្បន្ន មានចំនួនអ្នកស្លាប់ខ្ពស់បំផុត ទូទាំងពិភពលោក ដោយធ្វើការសន្មត់ទៅលើ ទំហំនៃចំនួនប្រជាជនរបស់ប្រទេសនេះ នេះបើយោងតាមទិន្ន័យរបស់សាកលវិទ្យាល័យ Johns Hopkins ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC