គ្រោះថ្នាក់ភ្លើងអគ្គីសនីឆក់ តែងកើតឡើងភ្លាមៗ ដោយសារតែខ្វះការប្រុងប្រយ័ត្ន ឬមិនបានយល់អំពីវិធីការពារគ្រោះថ្នាក់ នៅពេលប្រើប្រាស់ភ្លើង លទ្ធផលគឺអាចបណ្ដាលឱ្យជនរងគ្រោះ ត្រូវរលាក ឬបាត់បង់ជីវិត ព្រោះសួតលែងដំណើរការ និងគាំងបេះដូង។ នៅពេលមានករណីត្រូវខ្សែភ្លើងឆក់ នោះការជួយសង្គ្រោះបឋម គឺមានតួនាទីសំខាន់បំផុត ក្នុងការស្រោចស្រង់ជីវិត ជនរងគ្រោះ។

១/ វិធីជួយសង្គ្រោះបឋម នៅពេលមានករណីភ្លើងឆក់-នៅពេលបានឃើញជនណាម្នាក់ ត្រូវខ្សែភ្លើងឆក់ ដំបូងបង្អស់ គឺត្រូវប្រញាប់ផ្ដាច់ចរន្ធភ្លើង។ អ្នកអាច ប្រើប្រាស់របស់អ្វីមួយដែលស្ងួត លើកលែងតែលោហធាតុ ដើម្បីយកខ្សែភ្លើងចេញពីជនរងគ្រោះ។ (គួរប្រុងប្រយ័ត្ន ៖ ពេលទៅជួយជនរងគ្រោះ អ្នកមិនត្រូវប្រើដៃទទេ ប៉ុន្ដែត្រូវពាក់ស្រោមដៃកៅស៊ូ ជ័រ ស្បោងផ្លាស្ដិតក្រាស ក្រណាត់ស្ងួត និងប្រើស្បែកជើងក្រាស់ ស្ងួត ឬឈរពីលើជ័រ ឬឈើស្ងួត និងប្រើដំបងឈើ ដើម្បីទាញខ្សែភ្លើងចេញពីជនរងគ្រោះ)។ -យកជនរងគ្រោះ ទៅដាក់នៅកន្លែងត្រជាក់ ដែលមានខ្សល់ច្រើន។ -ពិនិត្យមើល តើជនរងគ្រោះនៅមានដង្ហើម ឬអត់ ដោយដាក់ថ្ពាល់ដល់ច្រមុះជនរងគ្រោះ ហើយមើលទៅលើទ្រូង ថា តើបេះដូង នៅដើរ ដែរ ឬទេ ម្យ៉ាងទៀត ក៏អាចប្រើដៃ ស្ទាបទៅលើសរសៃឈាម នៅត្រង់គល់ក។ ចំពោះជនរងគ្រោះដែលមានសញ្ញា ឈប់ដកដង្ហើម ៖ អ្នកត្រូវតែធ្វើចលនាជួយឱ្យបេះដូង និងសួតដើរឡើងវិញ ដោយប្រើវិធីសង្កត់ទ្រូង និងផ្លុំខ្យល់រហូតដល់ជនរងគ្រោះ អាចដកដង្ហើមដោយខ្លួនឯងបាន ឬរហូតដល់គ្រូពេទ្យជំនាញ បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ទើបឈប់។+ វិធីផ្លុំខ្យល់ចូលសួត ៖ បន្ធូរកអាវ ខ្សែក្រវ៉ាត់ ទាញក្បាលជនរងគ្រោះមកក្រោយបន្ដិច ដើម្បីឱ្យផ្លូវដង្ហើមអាចបានធូរស្រាល។ យកដៃបិទច្រមុះជនរងគ្រោះ ហើយដៃម្ខាងទៀត ទាញចង្ការដើម្បីឱ្យមាត់ហា រួចដកដង្ហើមធំ និងផ្លុំខ្យល់តាមមាត់ជនរងគ្រោះ ឱ្យបានពីរដង្ហើមផ្ទួនៗ សម្រាប់ជនរងគ្រោះអាយុច្រើនជាង ៨ឆ្នាំ (ផ្លុំមួយដង្ហើម សម្រាប់ជនរងគ្រោះ ក្រោមអាយុ ៨ឆ្នាំ) ក្រោយមក ទុកឱ្យទ្រូងស្វិតចុះ ទើបផ្លុំបន្ដ។ សម្រាប់ជនរងគ្រោះជាមនុស្សមានអាយុ លើសពី ៨ឆ្នាំ គួរផ្លុំខ្យល់បែបនេះ ឱ្យបាន ២០ដង ក្នុងមួយនាទី។ កុមារ ក្រោមអាយុ ៨ឆ្នាំ គួរផ្លុំខ្យល់ ពី ២០ ទៅ ៣០ដង ក្នុងមួយនាទី។ សម្រាប់មនុស្សធំ និងក្មេងមានអាយុលើសពី ១ឆ្នាំ សង្គ្រោះដោយសង្កត់ទ្រូង ប្រហែល ១០០ដង ក្នុងមួយនាទី។ ចំណែកជនរងគ្រោះជាកុមារ ក្រោម ១ឆ្នាំ ត្រូវសង្គត់ទ្រូងឱ្យបានច្រើនជាង ១០០ដង ក្នុងមួយនាទី។

មុននឹងចូលទៅជួយសង្គ្រោះអ្នកត្រូវភ្លើងឆក់ គឺត្រូវផ្ដាច់ចរន្ធភ្លើងជាមុន
+ប្រសិនត្រូវធ្វើចលនាដោយសង្កត់ទ្រូងផង និងផ្លុំខ្យល់ផង គឺត្រូវសង្កត់ទ្រូង ៥ដង ទើបផ្លុំខ្យល់ម្ដង។ចំពោះជនរងគ្រោះ នៅដឹងខ្លួន ៖ ចូរពិនិត្យមើលកម្រិតនៃរបួស ពិសេសគឺត្រូវពិនិត្យរបួសគ្រោះថ្នាក់ជាមុន ដូចជាឆ្អឹងក ព្រោះថា របួសត្រង់កន្លែងនេះ អាចនឹងធ្វើឱ្យជនរងគ្រោះត្រូវស្ពឹកឬងាប់សរសៃ ប្រសិនមិនបានសង្គ្រោះបឋមទាន់ពេល។ បន្ទាប់មក ត្រូវពិនិត្យរបួសកន្លែងដទៃ និងលើកទឹកចិត្ត ដើម្បីឱ្យជនរងគ្រោះស្ងប់អារម្មណ៍។-ប្រញាប់នាំជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ដែលនៅក្បែរបំផុត។២/ ទប់ស្កាត់គ្រោះថ្នាក់ខ្សែភ្លើងឆក់ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងដោយសារខ្សែភ្លើងឆក់ គ្រួសារនិមួយៗ ត្រូវតែដាក់ប្រអប់បញ្ជាចរន្ធភ្លើងឱ្យមានសុវត្ថិភាព និងត្រូវពិនិត្យប្រព័ន្ធខ្សែភ្លើង ឱ្យបានញឹកញាប់។ នៅពេលតខ្សែភ្លើង គឺត្រូវពាក់ស្រោមដៃជ័រ ប្រើប៊ិចពិនិត្យចរន្ធភ្លើង និងឧបករណ៍សុវត្ថិភាពផ្សេងៗ ហើយដាច់ខាត មិនត្រូវប្រើដៃទទេដើម្បីផ្ដាច់ ឬតខ្សែភ្លើង មិនត្រូវដាក់ខ្សែភ្លើង និងឧបករណ៍តភ្ជាប់ខ្សែភ្លើងនៅក្បែរដៃក្មេង។ល។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធីសង្គ្រោះបន្ទាន់ ដល់អ្នកកំពុង គាំងបេះដូង
រកឃើញវិធីថ្មី ដើម្បីលុបរឿងអាក្រក់ ចេញពីខួរក្បាល
វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់វត្ថុផ្សេងៗ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ WKH / KH