ភ្នំពេញ៖ ចាប់តាំងពីឈានជើងចូល ប្រឡូកក្នុងសិល្បៈ បានយ៉ាងស្និតមកតារាសម្តែង ក្រមិចក្រមើម កញ្ញា ស៊ុំ សុម៉ាលី សព្វថ្ងៃហាក់ដូចជា កាក់កបយ៉ាងខ្លាំង នៅក្នុងអាជីពសិល្បៈ។ តារាសម្តែងសាច់សរ គួរឲ្យក្នក់ក្នាញ់រូបនេះ ត្រូវបានមហាជន និងស្រទាប់យុវវ័យស្គាល់ យ៉ាងច្បាស់តាមរយៈការសម្តែង ខ្សែភាពយន្ត នៅតាមកញ្ចក់ទូរទស្សន៍ និងខារ៉ាអូខេបទចម្រៀង នៅតាមបណ្តាផលិតកម្មធំៗ ក្នុងស្រុកនានាផងដែរ ។
អតីតស្រីស្អាតចំណាត់ថ្នាក់លេខ៣ របស់ទស្សនាវត្តីធម្មជាតិ កញ្ញា ស៊ុំ សុម៉ាលី បានប្រាប់ឲ្យដឹងថាចាប់តាំងពីនាង ចូលប្រឡូកក្នុងសិល្បៈមក នាងបានសម្តែងក្នុង ខ្សែភាពយន្តចំនួន ៥រឿងមកហើយ ក្នុងនោះមានដូចជា រឿង «សេដ្ឋីវ័យក្មេង» «បេះដូងអ្នកការពារ» «នាយឡប់ជំពប់ស្នេហ៍» «កូនឥតខាន់ស្លា» និងចុងក្រោយគឺរឿង «រលកបោកខ្សាច់ » ដែលទើបតែថតបញ្ចប់ ចប់នាពេលថ្មីៗមុននេះ ។
តារាសម្តែងស្រស់សោភាវ័យ ២៣ឆ្នាំកញ្ញា ស៊ុំ សុម៉ាលី កាលពីរាត្រីថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះនៅឯ មជ្ឈមណ្ឌលកម្សាន្តស្ប៉ាក នៅក្នុងកម្មវិធី Hennessy Artistry នេះបានប្រាប់ឲ្យ LookingTODAY ដឹងថា“រាល់ថ្ងៃខ្ញុំជាប់រវល់ខ្លាំងណាស់ បងក្នុងការថតខ្សែភាពយន្ត គឺថតទាំងយប់ទាំងថ្ងៃ ហើយឥឡូវនេះខ្ញុំទើបតែ ចេញមកពីថតរឿង ហើយក៏ខ្ញុំមកលេងទីនេះ ជាមួយមិត្តភក្តិតែម្តងទៅ” ។
នៅក្នុងកម្មវិធី Hennessy Artistry នៅក្នុងមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក នេះដែរ ខណៈនោះគេមើលឃើញថា មានតារាចម្រៀងតារាសម្តែង ប្រុសស្រីល្បីៗជាច្រើនរូប ទៅចូលរួមជល់កែវ នឹងរាំលេងកម្សាន្តយ៉ាងសប្បាយ ។ នៅពេលនោះមហាជន និងស្រទាប់យុវវ័យ ក៏បានឃើញវត្តមាន របស់តារាសម្តែងរូបស្រស់ ស៊ុំ សុម៉ាលី ទៅជល់កែវរាំលេងកម្សាន្តផងដែរ ។
តារាសម្តែងកំពុងតែមានកេរ្តិ៍ឈ្មោះ បោះសម្លេងក្រឺតៗរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា ការងារសិល្បៈរបស់នាង ហាក់ដូចជាមានទីផ្សារយ៉ាងខ្លាំង ព្រោះតែនាងជាប់សម្តែង ខ្សែភាពយន្ត ជាបន្តបន្ទាប់ ហើយបច្ចុប្បន្នតារាសម្តែង មុខស្រទន់រូបនេះ កំពុងតែជាប់ថតខារ៉ាអូខេ បទចម្រៀងឲ្យផលិតកម្មភ្លេងរីខត (Pleng Record) ដែលស្ថិតក្រោម ផលិតកម្មហង្សមាស។ ចំពោះការសម្តែងនៅក្នុងផលិតកម្ម Pleng Record នេះដែរនាងបានសម្តែង ចំនួន៨បទ ជាសាច់រឿងហើយ នាងក៏បានបន្ថែមទៀតថា នៅពេលដែលបទចម្រៀងទាំង ៨បទ នេះចេញលក់ និងប្លែកព្រោះគេបាន សម្រិតសម្រំាងយ៉ាងខ្លាំង។
នាពេលកន្លងទៅ កញ្ញា ស៊ុំ សុម៉ាលី ត្រូវបានមហាជនដឹងថា នាងបានជួបនូវវិបត្តិស្នេហា ជាមួយបុរសម្នាក់វ័យ ៣០ឆ្នាំ ដោយបុរសនោះ បានធ្វើបាបចិត្តនាង នៅពេលដែលនាងកំពុងតែ ស្លុងចិត្តស្រឡាញ់យ៉ាងងប់ងល់ ។ តែថ្មីៗនេះស្រីស្រស់ ស៊ុំ សុម៉ាលី ហាក់ដូចជាមានអារម្មណ៍ ស្រស់ថ្លាយ៉ាងខ្លាំង ព្រោះនាងមានបុរស ទាំងក្មេងទាំងចាស់ តាមប្រលោមសុំស្នេហ៍នាង មិនតែប៉ុណ្ណោះក៏មាន អ្នកធានាសុំនាងចិញ្ចឹម ដោយផ្តល់ វីឡា ឡាន និងរបស់របរមានតម្លៃ អ្វីក៏ដោយឲ្យតែនាងហាមាត់ទទួល ។ ជុំវិញរឿងរាវស្នេហារបស់ស្រីស្រស់ ស៊ុំ សុម៉ាលី នាងបានប្រាប់ថា នាងមិនទាន់រកបានម្ចាស់ បេះដូងថ្មីនៅឡើយទេ តែនាងនៅតែបើបេះដូង របស់នាងជានិច្ចរង់ចាំ គូអនាគតរបស់នាង ៕







ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល